ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាអំឡុងខែវិច្ឆិកា ខាងមុខនេះនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ទី១កិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខ ។

នេះជាការលើកឡើងរបស់សម្តេច ក្នុងឱកាសអនុញ្ញាតឲ្យលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងពេលចូលរួមប្រជុំនៅកូរ៉េនេះ សម្តេចតេជោក៏មានគម្រោងជួបពលករខ្មែរដែលបម្រើការងារនៅឯកូរ៉េ ផងដែរ។ជាមួយគ្នានេះដែរ លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង បានអញ្ជើញសម្តេចទស្សនកិច្ចនៅសកលវិទ្យាល័យផងដែរ ។ ជាការឆ្លើយតប សម្ដេចតេជោថា នឹងរកពេលវេលាណាសមស្របដើម្បីទស្សនកិច្ច។

ក្នុងឱកាសនៃជំនួបសម្ដេចតេជោក៏បានអរគុណកូរ៉េដែលកន្លងមក ធ្លាប់បានជួយកម្ពុជាលើវិស័យផ្សេងៗជាពិសេសដល់វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ ។សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលទទួលបានជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ បច្ចុប្បន្នកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម៕