ព្រៃវែង៖ កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងគួរអោយកត់សម្គាល់ បង្កអោយផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងស្រុកចំនួន ១០ ក្រុង ស្រុក នៃខេត្តព្រៃវែងបានរងនូវការជន់លិច។

យោងតាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអោយដឹងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងចំណោម ក្រុង ស្រុកទាំង១៣នៃខេត្តព្រៃវែង មានស្រុក ក្រុងចំនួន ១០ បានរងនូវការជន់លិចពីគ្រោះទឹកជំនន់ មានដូចជា÷ស្រុកកំពង់ត្របែក សុីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកពាមជរ ព្រះស្តេច បាភ្នំ ស្វាយអន្ទរ និងក្រុងព្រៃវែង ស្មើ៤៧ ឃុំ មាន ៣២៤ ភូមិ។ ដោយមាន ប្រជាពលរដ្ឋ រងផលប៉ះពាល់ផ្ទះទឹកលិចចូលក្រោមផ្ទះ ចំនួនសរុបចំនួន ៥,៦៣៤ គ្រួសារ។ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថភាពចំនួន១៦៨ គ្រួសារ។ហើយគ្រួសារខ្វះខាតស្បៀចំនួន ៥០៥ គ្រួសារ។ឈឺ៥នាក់។

ប៉ះពាល់ដល់ស្រូវវស្សាចំនួន១១,៤៤៤ ហិកតា និងខូចខាតចំនួន ២៥៨ហិកតា។ មានភូមិចំនួន ៣២៩ ភូមិដែលរងផលប៉ះពាល់ទឹកជំនន់ជន់លិចផ្លូវ។ ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ។ ប៉ះពាល់ផ្លូវលំប្រវែង ១៤២,០០២ ម៉ែត្រ និងខូចខាតប្រវែង ២៦,៥៦៥ ម៉ែត្រ។ ប៉ះពាល់សាលារៀនចំនួន ៣៩ កន្លែង មណ្ឌលសុខភាព ៣ កន្លែង។ប៉ះពាល់អណ្តូងទឹកចំនួន ៧៦៤ អណ្តូង។ ប៉ះពាល់បង្គន់អនាម័យចំនួន ៥៥០ បង្គន់។ប៉ះពាល់ប្រឡាយនិងទំនប់ប្រវែង ២០២, ៧៩៧ ម៉ែត្រ និងខូចខាតប្រវែង៣០០ម៉ែត្រ។

ទោះបីយ៉ាងណាក្នុងនាមអាជ្ញាធរខេត្តតែងតែចុះពិនិត្យមើលស្ថានភាពទឹកទន្លេមេគង្គជាប្រចាំ។និងបានណែនាំអោយពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់។

ព្រមទាំងបានជម្រុញអោយអាជ្ញាធរមូលដ្ឋានបន្ថែមការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាជន មកកន្លែង ទីទួលសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់ឬហាមមិនអោយធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់អោយពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កំលាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំងដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ បើតាមការអោយដឹងពីលោកជុំ សុភី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងនៅថ្ងៃទី១៩ ខែកញ្ញានេះថាសម្រាប់កម្ពស់ទឹកកម្រិត ៦.៨៥ ម ស្រកជាងថ្ងៃម្សិលមិញ០.០៧ ម ខណៈកម្រិតប្រកាសអាសន្ន៧,៥០ ម៕