ខេត្តកំពង់ស្ពឺ ៖ មនុស្ស៣នាក់បានស្លាប់ និងកម្មករឥកម្មការិនី៧នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង១៨ និង២៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ត្រង់ចំណុចភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ។


លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដ១គ្រឿងម៉ាក ហ្វត (Fort) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរពីត្បូងទៅជើងមកដល់ចំណុចខាងលើ បានបុកម៉ូតូ២គ្រឿង ទី១-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CU-8356 បើកបរដោយឈ្មោះ សីហា ភេទប្រុស អាយុ២៧ឆ្នាំ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ មានឌុបមនុស្ស២នាក់ ទី១-ឈ្មោះតាំង គឹមលី ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់) ពេលបញ្ជូនដល់មន្ទីរពេទ្យគងពិសី និងទី២-ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ២៣ឆ្នាំ ស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ អ្នកទាំង៣ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និង១គ្រឿងទៀតម៉ាកធូដេ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-3898 មិនស្គាល់ឈ្មោះអ្នកបើកបរនិងទីលំនៅ និងជ្រុលទៅបុកផ្ទុបជាមួយរថយន្ដ១គ្រឿងទៀតប្រភេទកូរ៉េ ដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះរម្យ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ដឹកកម្មករ។


លោកស្នងការរងបន្តថា ជនរងគ្រោះដែលនៅលើឡានដឹកកម្មកររួមមាន ទី១.ឈ្មោះ កាន ជឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី២.ឈ្មោះផៃ ស្រីនាថ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៣.ឈ្មោះ សឹម សារី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៤.ឈ្មោះ សឹម សារិន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី របួសធ្ងន់, ទី៤.ឈ្មោះ សឹម ដាវី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃកន្ទៀច ឃុំទឹកល្អក់ ស្រុកគងពិសី របួសស្រាល, ទី៦.ឈ្មោះ គឹម យាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្លា ឃុំស្រង់ ស្រុកគងពិសី របួសស្រាល។


លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថាក្នុងហេតុការខាងលើបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ស្រី២នាក់ ភាគីម៉ូតូម៉ាកហុងដា សេ១២៥, របួសមនុស្ស៧ ស្រី៥នាក់ របួសធ្ងន់៥នាក់ ស្រី៣នាក់ និងខូចរថយន្ដ២គ្រឿងធ្ងន់ ម៉ូតូ២គ្រឿង។ ចំពោះយានយន្តពាក់ព័ន្ធសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ទាំងក្តីសោកសៅជាពន់ពេក៕