ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្រោយពីនាំគ្នាធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទី១-ឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ទី២-ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 កន្ត្រៃចុងស្រួច ០១ ។

មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 របស់ខ្លួន នៅចំណុចកើតហេតុខាងលើ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ២នាក់ដើរមកឃើញ ហើយជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ត្រៃយ៍ចុងស្រួចកាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនរងគ្រោះចេញពីបន្ទប់ជួលឃើញ ក៍ស្រែកថាចោរៗ ហើយត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់បានទាំង២នាក់ ។ បន្ទាប់មកកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានល្បាតដល់ចំណុចកើតហេតុខាងលើ ក៍នាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមច្បាប់ ៕