ខេត្តបាត់ដំបង ៖ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត បានចោទប្រកាន់មេបញ្ជាការរងរបស់ខ្លួនម្នាក់ថា លួចឌីណាម៉ូរថយន្តបាកុងដែលរឹបអូសបានពីបទល្មើសព្រៃឈើ បង្កឲ្យមានជម្លោះពាក្យសម្ដីគ្នា រហូតប្រើសោបញ្ឆេះរថយន្តទៅចាក់ទៅលើគ្រាប់ភ្នែកខាងឆ្វេងរបស់បញ្ជាការរង ឲ្យរងរបួស។
ហេតុការណ៍ហិង្សាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត ចាក់ភ្នែករបស់បញ្ជាការរង ឲ្យរងរបួសនេះ បានកើតឡើងនៅក្នុងយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូតផ្ទាល់តែម្តង។
ប្រភពពីស្រុកសំឡូត បានឲ្យដឹងថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ លោកមេបញ្ជាការរង ឈឿង សុផាត ត្រូវបានលោកជួប ណូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត ចាត់តាំងឲ្យទៅដេកយាមរថយន្តបាកុង ចំនួន១០គ្រឿង ដែលកម្លាំងប៉េអិមបង្ក្រាបបាន និងត្រៀមធ្វើការដុតកម្ទេចចោលនាពេលដ៏ខ្លីខាងមុខនេះ។


លុះនៅយប់ថ្ងៃកើតហេតុ ខណៈពេលដែល លោក ឈឿង សុផាត កំពុងសម្រាក ស្រាប់តែលោកមេបញ្ជាការ ជួប ណូ ចូលទៅសួរនាំ ដោយបានចោទប្រកាន់ថា លោកមេបញ្ជាការរង បានលួចឌីណាម៉ូរយន្តបាកុង ប៉ុន្តែនៅពេលនោះលោកមេបញ្ជាការរង បានធ្វើការបដិសេធ ព្រមទាំងហ៊ានស្បថស្បែថែមទៀតផង ហើយក៏បានអោយលោកមេបញ្ជាការ នាំសាក្សីមកប្រសិនបើមានអ្នកឃើញមែននោះ។
ពេលនោះមានការទាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង បន្តិចក្រោយមកក៏បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែលោកជួប ណូ មេបញ្ជាការ បានចេញទៅខាងក្រៅ ផឹកស្រាឲ្យស្រវឹងស្រឿងៗ ក៍វិលត្រឡប់មករករឿងជាមួយលោកមេបញ្ជាការរង ជាលើកទី២ និងបានប្រើសោបញ្ឆេះឡាន ចាក់ទៅលើគ្រាប់ភ្នែកខាងឆ្វេងរបស់បញ្ជាការរង ឲ្យរងរបួស និងបានកំពុងសំងំសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង។
ករណីនេះត្រូវបានលោកមេបញ្ជាការរង ឈឿង សុផាត ជាជនរងគ្រោះ ដាក់ពាក្យប្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ឃើញមានដំណោះស្រាយអ្វីនៅឡើយទេ។

តែកាលពីរសៀលថ្ងៃទី១៧កញ្ញា ម្សិលមិញនេះ លោក សូ ឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា រឿងនេះគឺមិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវនៅឡើយនោះទេ ដោយសារតែខាងជំនាញមិនទាន់បានហៅភាគីទាំងសងខាងមកសាកសួរ។
ប្រភពមួយបាននិយាយថា បើគ្មានការដោះស្រាយដោយយុត្តិធម៌ទេនោះ លោកមេបញ្ជាការរង ឈឿង សុផាត នឹងប្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាបន្តទៀត។ ដោយឡែក លោក ជួប ណូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូត ជាជនបង្កបានប្រាប់អ្នកកាសែតថា ពេលនេះ លោកកំពុងរវល់ខ្លាំងណាស់ មិនមានពេលពន្យល់ និងបកស្រាយអ្វីបាននោះទេ ហើយរឿងហ្នឹង ខាងខេត្តគេកំពុងធ្វើការដោះស្រាយហើយ៕