ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤១ ព្រះរាជពិធីអភិសេកសម្តេចព្រះ នរោត្តម សីហនុ ឲ្យឡើងគ្រងរាជសម្បត្តិជាផ្លូវការបានប្រព្រឹត្តឡើងយ៉ាងអធិកអធម បំផុត ដោយមានការដង្ហែក្បួនយ៉ាងវែង។
នៅលើវេទិកាកិត្តិយសសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់បារាំង ពិសេស គឺវត្តមានរបស់លោកឧត្តមសេនាវីហ្សង់ ឌឺគូ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនទាំងមូល និងប្រតិភូប្រទេសឡាវដឹកនាំដោយព្រះមហាក្សត្រ ស៊ីសាវ៉ាងវង្ស ផងដែរ។ ក្បួនដង្ហែនេះត្រូវឆ្លងកាត់មហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ រួចត្រឡប់ចូលមកប្រាសាទទេវាវិនិច្ឆ័យ ដើម្បីឲ្យសម្តេចព្រះសង្ឃរាជទាំង២គណៈ ខាងព្រះពុទ្ធសាសនា និងព្រះរាជគ្រូព្រាហ្មបុរោហិតបំពាក់ម្កុដរាជ្យ។

ព្រះមហាក្សត្រនរោត្ដម សីហនុ​ ពេលឡើងសោយរាជ្យ

នៅខាងមុខ និងខាងក្រោយ ព្រះស្នែងព្រះមហាក្សត្រផ្ទាល់ មានក្រុមភ្លេងត្រែប្រគំលាន់ទ្រហឹង បន្ទាប់មកក្រុមរបាំប្រជាប្រិយ នាម្មឺនសព្វមុខមន្ត្រី ពួកព្រះអង្គម្ចាស់ និងអស់លោកមន្ត្រីដែលមានឯកសណ្ឋាន និងគ្រឿងឥស្សរិយយសពេញៗស្មា និងទ្រូង ព្រមទាំងក្រុមម្ចាស់់ក្សត្រី និងលោកជំទាវប្រកបដោយសម្លៀកបំពាក់ស្រស់ឆើតឆាយ។ បន្ទាប់មកទៀត គឺដំរីស ដ៏ពិសិដ្ឋ (តាមពិតដំរីឃ្លៀច) ហែហមដោយដំរីប្រផេះក្រម៉ៅជាច្រើន ដែលមានក្រាលកម្រាលខ្នងដោយសំពត់សូត្រ និងគ្រឿងអលង្ការមាសប្រាក់។

ព្រះមហាក្សត្រនរោត្ដម សីហនុ​ ពេលឡើងសោយរាជ្យ

ជួរទ័ពសេះប្រដាប់ដោយទង់សុវណ្ណជ្វាលា រំលេចចេញពណ៌សម្រាប់ព្រះមហាក្សត្រថ្មី គឺពណ៌លឿង និងខៀវ ។ បន្ទាប់មកទៀត មានក្រុមគណៈប្រតិភូរាជធានី និងខេត្តនានា ក្រុមជនជាតិចាម ជនជាតិភាគតិច (ព្នង គួយ ព័រ សំរ៉ែ) ក្រុមអាណិកជនជាតិចិន វៀតណាម នៅកម្ពុជា ក្នុងសម្លៀកបំពាក់តាមប្រពៃណី និងភ្លេងរបាំតាមប្រពៃណីជាតិសាសន៍រៀងៗខ្លួន។
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រថ្មី ព័ទ្ធជុំវិញរាជធានីនេះ ត្រូវធ្វើឡើងជា៤ដំណាក់ដែលដំណាក់ទី១ គឺដំណាក់ព្រះមហាក្សត្រគង់នៅលើគ្រែស្នែងមួយ ប្រកបដោយក្បូរក្បាច់រចនាដ៏ល្អវិចិត្រ ដោយមានទាហាននៃកងរក្សាព្រះអង្គ មានមាឌមាំធំៗស្លៀកពាក់ឯកសណ្ឋានជាកងទ័ពសម័យបុរាណ ជាអ្នកសែងគ្រែស្នែងនោះ។

ព្រះមហាក្សត្រនរោត្ដម សីហនុ​ ពេលឡើងសោយរាជ្យ


ដំណាក់ទី២ គឺព្រះមហាក្សត្រគង់នៅលើរាជរថជារូបសត្វហង្ស ដែលអូសដោយសេះសម្បុរខ្មៅចំនួន៦។ ដំណាក់ទី៣ គឺព្រះមហាក្សត្រគង់នៅលើខ្នងដំរី ដែលមានភ្លុកដំរី វែងៗតុបតែងលម្អតាមប្រពៃណីឥណ្ឌា និងដំណាក់ទី៤ ជាដំណាក់ចុងក្រោយ ព្រះមហាក្សត្រនៅលើខ្នងសេះ ហើយសេះនោះ គឺជាសេះផ្ទាល់របស់ព្រះអង្គ លម្អដោយគ្រឿងមាសមានពន្លឺភ្លឺផ្លេក។
ព្រះរាជពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិនេះ ជាន់គ្នានឹងព្រះជន្មគម្រប់១៩ព្រះវស្សារបស់ព្រះមហាក្សត្រនរោត្តម សីហនុ គ្មានលើស ឬខ្វះមួយថ្ងៃឡើយ។ ពោលគឺ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយត្រូវអភិសេកឡើងសោយរាជ្យសម្បត្តិនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤១ ធ្វើឡើងតាមការទស្សន៍ទាយរបស់ព្រះគ្រូហោរាប្រចាំព្រះបរមរាជវាំង តាមសំណើររបស់ព្រះមាតារបស់ព្រះអង្គផ្ទាល់តែម្តង។

ព្រះមហាក្សត្រនរោត្ដម សីហនុ​ ពេលឡើងសោយរាជ្យ


ទោះបីជាព្រះអង្គដាក់ព្រះទ័យលង់ស្នេហ៍តែលើអ្នកម្នាងផាត់ កាញ៉ុល ពុំមានអ្វីអាចមករារាំងឃាត់ឃាំងបានយ៉ាងណាក៏ដោយ ក៏ពេលនោះ ព្រះអង្គត្រូវបានគេចាត់ទុកថា ព្រះមហាក្សត្រនៅលីវ (ពុំទាន់មានមហេសី) ដូច្នេះគេពុំឃើញមានស្រីណាម្នាក់នៅអមក្បែរព្រះអង្គនៅក្នុងព្រះរាជពិធីអភិសេកនោះឡើយ ពិសេសអ្នកម្នាងផាត់ កាញ៉ុល ក៏គ្មានវត្តមាននៅក្បែរព្រះអង្គដែរ៕

ព្រះមហាក្សត្រនរោត្ដម សីហនុ​ ពេលឡើងសោយរាជ្យ