កំពង់ចាម៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពេទ្យពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ នៅផ្សារភ្នំដិល ស្ថិតនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយបានរកឃើញទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួននិងបានដកហូតយកទៅកម្ទេចចោល។

បើតាមមន្រ្តីសាខាកាំកុងត្រូលបានឲ្យដឹងថាទំនិញ ហួសការប្រើប្រាស់មួយចំនួននោះរួមមាន៖ ទឹកម្ទេសចំនួន៣ដប, ទឹកក្រូចម៉ាក FANTA ចំនួន២១ដប, ទឹកក្រូចម៉ាក pepsi ចំនួន៦០ដប, ទឹកក្រូចម៉ាក Sprite ចំនួន២៤ដប។ ក្រុមការងារ ក៏បានធ្វើតេស្តទៅលើម្ហូបអាហារ និងគ្រឿងសមុទ្រមួយចំនួន ជាលទ្ធផលគឺមិនបានរកឃើញសារធាតុគីមី ហាមឃាត់នោះទេ។

ជាមួយគ្នានោះដែរ ក្រុមការងារ បានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។

ជាមួយគ្នានោះ សាខាកាំកុងត្រូលខេត្តកំពង់ចាម បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕