ព្រៃវែង៖ កម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងគួរអោយកត់សម្គាល់ បង្កអោយផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងស្រុកចំនួន៥ នៃខេត្តព្រៃវែងបានរងនូវការជន់លិច។

យោងតាមរបាយការណ៍របស់លោក ឌុច គន្ធា អភិបាលរងខេត្ត ទទួលបន្ទុកគ្រោះមហន្តរាយខេត្តបានបញ្ជាក់អោយដឹងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា ក្នុងចំណោម ក្រុង ស្រុកទាំង១៣នៃខេត្តព្រៃវែង មានស្រុកចំនួន៥បានរងនូវការជន់លិចពីគ្រោះទឹកជំនន់ មានដូចជា÷ស្រុកសុីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ និងស្រុកពាមជរ ស្មើ៣៣ឃុំ មាន២១១ភូមិ។ដោយមានប្រជាជន រងបង្កផលប៉ះពាល់ផ្ទះលិចទឹកចំនួនសរុបចំនួន៤,៨០៦គ្រួសារ ក្នុងនោះផ្ទះលិចទឹកធ្ងន់ធ្ងរចំនួន៣០៩៣ខ្នងផ្ទះ។និងបានជម្លៀសទៅកាន់ទីទួលសុវត្ថភាពចំនួន២៤គ្រួសារ។ ហើយគ្រួសារខ្វះខាតស្បៀចំនួន៤៥៥គ្រួសារ។ឈឺ៥នាក់។ប៉ះពាល់ស្រូវវស្សាចំនួន៣,៧៥៣ហិកតា និងខូចខាតចំនួន១០,៣០១ហិកតា។មានភូមិចំនួន១៥៦ភូមិដែលរងផលប៉ះពាល់ទឹកជំនន់ជន់លិចផ្លូវ។ ដោយប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ។ ប៉ះពាល់ផ្លូវលំប្រវែង៦៧,៥៣០ម៉ែត្រ និងខូចខាតប្រវែង២២,១៥៥ម៉ែត្រ។ប៉ះពាល់សាលារៀនចំនួន២៩កន្លែង មណ្ឌលសុខភាព១កន្លែង។ប៉ះពាល់អណ្តូងទឹកចំនួន២៧៨អណ្តូង។ព៉ះពាល់បង្គន់អនាម័យចំនួន៣០០បង្គន់។ប៉ះពាល់ប្រឡាយនិងទំនប់ប្រវែង១៥០,៧៥៨ម៉ែត្រនិងខូចខាតប្រវែង៣០០ម៉ែត្រ។

ហើយនៅថ្ងៃទី១៦ខែកញ្ញានេះដែរលោក ឌុច គន្ធាបានដឹកនាំក្រុមការងារមានកងកម្លាំងសមត្ថកិច្ចទាំង៣អង្គភាពចូលរួមច្រកដីដាក់ទៃទប់ផ្លូវត្រង់ចំណុចកំពង់ខ្សាច់នៅក្នុងស្រុកពោធិ៍រៀង ដើម្បីការពារកុំអោយទឹកជន់លិចបានប្រវែង៦៥០ម៉ែត្រ។ ទោះបីយ៉ាងណាក្នុងនាមអាជ្ញាធរខេត្តតែងតែចុះពិនិត្យមើលស្ថានភាពទឹកទន្លេមេគង្គជាប្រចាំ។និងបានណែនាំអោយពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់។

ព្រមទាំងបានជម្រុញអោយអាជ្ញាធរមូលដ្ឋានបន្ថែមការប្រុងប្រយ័ត្នអោយបានខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាជន មកកន្លែង ទីទួលសុវត្ថិភាព។ ពិសេសតំបន់ដែលគ្រោះថ្នាក់ឬហាមមិនអោយធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់អោយពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កំលាំងវេនប្រចាំការនៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំងដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ បើតាមការអោយដឹងពីលោកជុំ សុភី ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែងនៅថ្ងៃទី១៧ ខែកញ្ញានេះថាសម្រាប់កម្ពស់ទឹកកម្រិត៦.៩២ ម ខ្ពស់ជាងថ្ងៃម្សិលមិញ០.០៩ ម ខណៈកម្រិតប្រកាសអាសន្ន៧,៥ម៕