ខេត្តតាកែវ ៖ បុរសម្នាក់មានចិត្តស្លុយណាស់ បានកាន់កូនកាំបិតបំណងទៅចាក់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះ ដើម្បីស្រាយគំនុំចាស់ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ទើបមិនមានគ្រោះថ្នាក់ រួចទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១១ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់។
ជនសង្ស័យដែលទៅយកកាំបិតទៅចាក់ជនរងគ្រោះដល់ក្នុងផ្ទះ ហើយចុងក្រោយត្រូវជាប់ខ្នោះខ្លួនឯងនេះ មានឈ្មោះមុត សុខ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។


ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានកាន់កូនកាំបិតក្នុងដៃ ហើយបានចូលទៅចាក់ជនរងគ្រោះ នៅក្នុងផ្ទះ ដើម្បីស្រាយគំនុំចាស់ តែពេលនោះ ជនរងគ្រោះបានដឹងខ្លួនទាន់ ក៏ស្រែកផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យភិតភ័យបានរត់គេចចេញពីមកវិញ ដោយបន្សល់ទុកកូនកាំបិតចុងស្រួច១ ហើយជនរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


ប្រភពបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះភា្លម កម្លាំងជំនាញបានចុះទៅកាន់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅនឹងផ្ទះរបស់ខ្លួន ព្រមទាំងដកហូតថ្នាំញៀន១កញ្ចប់តូចផងដែរ។
ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕