ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ មានបុរស២នាក់ បានបើករថយន្តម្នាក់១គ្រឿង តែចៃដន្យធ្លាក់ជង្ហុកសាចទឹកដាក់គ្នា ស្រាប់តែភាគីម្ខាងអាងមានខ្នងជាលោកធំ បានបើករថយន្តដេញតាមកាក់ភាគីរថយន្តម្ខាងទៀត រហូតក្លាយជាអំពើហិង្សាវាយតប់គ្នារងរបួសទាំងសងខាង ស្រាប់តែភាគីមានខ្នងធំប្តឹងទារសំណង១ម៉ឺនដុល្លារ…។
សមត្ថកិច្ចបន្តថា ជម្លោះហិង្សាផ្តើមចេញពីរឿងបើករថយន្តសាចទឹកដាក់គ្នានេះ ភាគីម្ខាងមានឈ្មោះ ពេជ្រ ពន្និកា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងភាគីម្ខាងទៀត មានឈ្មោះហេង វ៉ិត រស់នៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មុនពេលកើតហេតុ ភាគីឈ្មោះពេជ្រ ពន្និកា បានបើករថយន្តមករង់ចាំភ្លើងស្តុក ស្រាប់តែពេលនោះ ភាគីឈ្មោះហេង វ៉ិត បានចុះពីលើឡាន ហើយដើរទៅគោះទ្វាររថយន្តភាគីឈ្មោះពេជ្រ ពន្និកា ដោយចោទថា បើករថយន្តខ្ទាតភក់ប្រឡាក់រថយន្តគេ ក៏ទាក់ពាក្យសម្តីគ្នា រហូតក្លាយជាអំពើហិង្សា វាយតបគ្នាទៅវិញទៅមក ហើយក៏មានគេចូលទៅជួយបំបែក ហើយភាគីឈ្មោះហេង វ៉ិត បានប្តឹងទារសំណង១ម៉ឺនដុល្លារ ព្រោះរងរបួសធ្ងន់ជាងភាគីម្ខាងទៀត ម្យ៉ាងទៀតរូបគេមានខ្នងធំផង។
ប្រភពបន្តថា ក្រោយពេលកើតហេតុភាគីឈ្មោះហេង វ៉ិត ដែលគេអះអាងថា មានខ្សែធំ នោះបានឲ្យប៉ូលិសឃាត់ខ្លួនភាគីឈ្មោះ ពេជ្រ ពន្និកា ដែលបើករថយន្តហាយឡែនដឺរ ទុកបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នាតែមិនឃាត់ខ្លួននោះទេ។


តាមសម្តីភាគីឈ្មោះ ពេជ្រ ពន្និកា បានឲ្យដឹងថា គាត់គ្មានខ្សែធំនឹងគេទេ ហើយដឹងថាបើកឡានសាចដាក់ភាគីមានខ្នងធំនោះ គាត់ឈប់នឹងសុំទោសហើយ តែនេះគាត់មិនបានដឹងអីបន្តិចសោះ ហើយសមត្ថកិច្ច ក៏មិនត្រូវឃាត់តែរថយន្តគាត់ម្ខាងទេ គួរតែឃាត់ទាំង២ភាគី ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕