ខេត្តកណ្ដាល៖ យុវជនម្នាក់ឌុបក្មេងស្រីអាយុ១៥ឆ្នាំទៅផ្ទះ ខណៈដល់ព្រៃស្ងាត់ប្រើល្បិចលួងលោមក្មេងស្រីនោះរំលោភសេពសន្ថវៈរហូតបានសម្រេច ដោយសន្យាថាទទួលខុសត្រូវយកធ្វើជាគូរអនាគត តែ៣ថ្ងៃក្រោយមក ស្រាប់តែបើកការណ៍ដល់ម្ដាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិអំពិលរូង ឃុំភ្នំបាត ស្រុកពញាឮ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ន រស្មី ហៅសាន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ នៅខេត្តកណ្តាល ។ ចំណែកវត្ថុតាងមានស្រោមអនាម័យប្រើហើយ ចំនួន១ ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក ក្មេងស្រីរងគ្រោះបានសុំបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ ណន ចាន់ធា ជិះម៉ូតូទៅធ្វើតេស្តចូលធ្វើការរោងចក្រក្នុងសួនឧស្សាហកម្ម Y7 ។ បន្ទាប់ពីធ្វើតេស្តរួច បងប្រុសក្មេងស្រីរងគ្រោះ បានចូលធ្វើការបាត់ ជនរងគ្រោះគ្មានម៉ូតូជិះមកផ្ទះរបស់ខ្លួនវិញ ក៏បានខ្ចីទូរសព្ទ័របស់ជនសង្ស័យ តេមកទូរស័ព្ទរបស់ម្ដាយដែលនៅឯផ្ទះ ដើម្បីឲ្យម្ដាយមកយកខ្លួន តែម្តាយបានឆ្លើយប្រាប់ថា ជាប់រវល់ចាំបន្តិចសិនទៅ ! ឮដូច្នេះជនរងគ្រោះបានប្រាប់ម្តាយវិញថា បើអត់បានមកយកខ្ញុំទេ អញ្ចឹងខ្ញុំសុំគេទៅជាមួយហើយ ។ បន្ទាប់មកជនសង្ស័យបានសួរទៅជនរងគ្រោះថា ទៅផ្ទះឬទេ ? ខ្ញុំជូនទៅ ! ក្នុងពេលនោះជនរងគ្រោះបានយល់ព្រមឲ្យជនសង្ស័យឌុបជូនទៅផ្ទះ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានឌុបជនរងគ្រោះចូលក្នុងព្រៃដើមកាស្សា រួចហើយបានលួងលោមជនរងគ្រោះរំលោភសេពសន្ថវៈរហូតបានសម្រេច ដោយសន្យាទទួលខុសត្រូវយកធ្វើជាប្រពន្ធទៅអនាគត នៅពេលនោះ ។


ប្រភពដដែលបានបន្តថា បន្ទាប់ពីធ្វើសកម្មភាពរំលោភជនរងគ្រោះរួច ជនសង្ស័យបានឌុបជនរងគ្រោះមកដាក់នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិឆ្កែលុង ឃុំភ្នំបាត ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅ។ ចំណែកជនរងគ្រោះបានដើរមកផ្ទះរបស់ខ្លួនវិញ ម្តាយជនរងគ្រោះឃើញខ្នងអាវរបស់ជនរងគ្រោះមានស្នាមប្រឡាក់ដី និងអាការៈខុសប្លែកធម្មតា មានការងឿងឆ្ងល់ ក៏ជជីកសួរទៅជនរងគ្រោះដដែលៗជាច្រើនលើកពេក ក្មេងស្រីរងគ្រោះ ក៏និយាយប្រាប់ម្តាយរបស់ខ្លួនអំពីរឿងហេតុខាងលើតែម្តង។
លុះដល់ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ត្រីជាម្ដាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាត ហើយកម្លាំងនគរបាលប៉ុស្តិ៍ភ្នំបាត បានសហការជាមួយកម្លាំងជំនាញស្រុក ចុះស៊ើបអង្កេតរហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕