ខេត្តកោះកុង ៖ បុរសម្នាក់ បានកាន់ដាវ១ដើមមកគោះទ្វារផ្ទះគំរាមសម្លាប់នារីម្នាក់ទាំងកណ្តាលយប់ ធ្វើឲ្យនាងភ័យខ្លាច រួចក៏ធ្វើសកម្មភាពចាប់រំលោភនារីជាម្ចាស់ផ្ទះបានសម្រេចកាម។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិ-សង្កាត់ស្ទឹងវែង ខេត្តកោះកុង
ជនល្មោភកាមដែលទៅចាប់រំលោភកូនក្រមុំគេទាំងកំរោល មានឈ្មោះ ម៉ារ៉ៃ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែក នារីរងគ្រោះមានឈ្មោះ ខ.ស.ភ. អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏មានសំឡេងមកគោះទ្វារហៅ។ ពេលដែលនាងបើកទ្វារ ស្រាប់តែជនសង្ស័យបានកាន់ដាវយកគំរាមសម្លាប់នាងចោល រួចយកដៃខ្ទប់មាត់ផ្តួលទៅលើគ្រែ ធ្វើសកម្មភាពរំលោភនាង រហូតបានសម្រេច ចំណែកនារីរងគ្រោះវិញមិនហ៊ានស្រែក ព្រោះខ្លាចជនល្មើសសម្លាប់ ។ ក្រោយធ្វើសកម្មភាពរំលោភរួច ជនសង្ស័យក៏កាន់ដាវដើរត្រឡប់ទៅផ្ទះវិញបាត់ ។
ប្រភពបន្តថា ក្រោយពីជនសង្ស័យចេញផុត នារីរងគ្រោះបានរត់ឡើងទៅបន្ទប់របស់ ឪពុកម្តាយ ប្រាប់រឿងដ៏ឈឺចាប់នេះ ។ លុះដល់ព្រឹកឡើង កាលវេលាម៉ោង៨ និង៣០នាទី ទើបគាត់មករាយការណ៍នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។
សមត្ថកិច្ចបញ្ជាក់ថា នៅពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕