ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលអតីតប្រមុខការទូតកម្ពុជា ដ៏ល្បាយល្បីមួយរូប របស់កម្ពុជា សម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួដល់យុវជនពិការ ទុយ សុខដុង ដែលទើបប្រឡងបាក់ឌុបជាប់ លើការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅមក រយៈពេល៤ឆ្នាំ លើមុខវិជ្ជា IT នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល ឲ្យយុវជនអភ័ព្វនេះ យកទៅចាត់ចែងតម្រូវការចាំបាច់ណាមួយផងដែរ។


ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គនានា ដែលខ្លួនជាមនុស្សពិការ អាចខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបានលទ្ធផលល្អ ក្នុងការសិក្សា ដូចមនុស្សមានកាយសម្បទាគ្រប់គ្រាន់ ហើយបានចាត់ទុកយុវជន ទុយ សុខដុង ជាមនុស្សពិការកាយសម្បទាម្នាក់ ដែលមានទេពកោសល្យ និងការតាំងចិត្តខ្លាំងក្លា ទើបអាចប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រហូតទទួលបានលទ្ធផលល្អមិននឹកស្មានដល់បែបនេះ។


យុវជន ទុយ សុខដុង បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានទំនុកបម្រុងលើការសិក្សា ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅវិញទៅមករបស់ខ្លួន ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាកមហាវិទ្យាល័យនេះ ហើយទឹកចិត្តរបស់ឧបនាយករដ្ឋមន្ត្រី គឺមិនអាចកាត់ថ្លៃបាននោះទេ មិនថាតែរូបខ្លួន និងអ្នកផ្សេងៗទៀត។
ជាមួយគ្នានេះដែរ យុវជន ទុយ សុខដុង បានអំពាវនាវដល់ យុវជនទាំងអស់ ដែលស្ថិតក្នុងវ័យសិក្សា សូមឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ជាពិសេស យុវជនពិការភាព សូមកុំបោះបង់ចោលការសិក្សា ព្រោះរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិស្មើភាពគ្នាក្នុងការសិក្សា ក៏ដូចជាការរស់នៅក្នុងសង្គមផងដែរ។


សូមបញ្ជាក់ថា យុវជន ទុយ សុខដុង រស់នៅភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្មីៗនេះ ធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំងចំពោះប្អូនប្រុសរូបនេះ ដែលបានតស៊ូជម្នះឧបសគ្គខំប្រឹងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អដូចពេលនេះ៕