ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ លោកឈឺន ចន្ថា បានចេញបម្រាម មិនឲ្យប្រជាពលរដ្ឋរស់នៅទីនោះចិញ្ចឹមសត្វឆ្កែទេ ក្រោមហេតុថា សត្វឆ្កែខាំភ្ញៀវទេសចរាចរ រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ អនាម័យបរិស្ថាន និងរក្សាសោភ័ណ្ឌភាពឆ្នេរ ជាដើម… ដោយទុកពេល៣០ថ្ងៃ ឲ្យពលរដ្ឋយកសត្វឆ្កែរបស់ខ្លួនចេញពីតំបន់ហាមឃាត។


ក្រោយពីលោកចៅសង្កាត់កោះរ៉ុងសន្លឹម ចេញបម្រាមបែបនេះ ធ្វើឲ្យមហាជនមានប្រតិកម្ម និងរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត រហូតធ្វើលោកចៅសង្កាត់កោះរ៉ុងសន្លឹម នៅលែងសុខក៏បានចេញលិខិតមួយ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យពលរដ្ឋចិញ្ចឹមសត្វឆ្កែវិញហើយ តែត្រូវរក្សាឃុំគ្រងឲ្យបានត្រឹមត្រូវ កុំឲ្យខាំគេឯងឬខាំអ្នកទេសចរណ៍ ពុំនោះទេម្ចាស់ចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។


លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង មានប្រសាសន៍ថា ឥឡូវនេះអាជ្ញាសង្កាត់កោះរ៉ុងសន្លឹម បានដកបញត្តិនោះវិញហើយ ដោយកែតម្រូវថា ពលរដ្ឋនៅកោះរ៉ុងសន្លឹម អាចចិញ្ចឹមសត្វឆ្កែបាន ប៉ុន្តែត្រូវចង ឫរក្សាឃុំគ្រងឲ្យបាន កុំអោយខាំគេឯង ឬខាំអ្នកទេសចរណ៍ ហើយក្នុងករណីមានសត្វឆ្កែខាំគេឯង ឫអ្នកទេសចរណ៍ ម្ចាស់ចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕