ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរករឿងឈ្លោះជាមួយប្រពន្ធ រហូតក្លាយជាអំពើហិង្សាចាប់នាងច្របាច់កជិតដាច់ខ្យល់ស្លាប់ រួចយកសាំងចាក់ដុតផ្ទះចោលទៀត ។ ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិចំបក់ផ្អែម ឃុំសែប ស្រុកកំពង់ត្រឡាច ។
ជនដៃដល់ដែលចាប់ប្រពន្ធច្របាច់កជិតស្លាប់នេះ មានឈ្មោះជុំ សុវណ្ណដារ៉ារិទ្ធ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែ មុខរបរជាងសំណង់ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។


ប្រភពពីកន្លែងកើតហេតុខាងកើត បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធរបស់បុរសខាងលើ បានកើតមានជម្លោះនឹងគ្នាយ៉ាងតឹងសរសៃក រហូតធ្វើឲ្យបុរសជាប្តីផ្ទុះភ្លើងកំហឹង ក៏ទៅចាប់ច្របាច់ក និងជេរប្រមាថប្រពន្ធរបស់ខ្លួន។ បន្ទាប់មកបុរសជាប្តីមិនទាន់អស់កម្លាំង បានទៅបង្ហូរសាំងពីម៉ូតូ យកមកដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ តែសំណាងល្អ ត្រូវបានអ្នកជិតខាងក៏មកជួយពន្លត់ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានករណីអំពើហិង្សាក្នុងគ្រួសារ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ភ្លាមៗ ហើយធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕