ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១ ជាថ្ងៃខួបកំណើតលើកទី៥១ របស់ហូ ជីមិញ បក្សកុម្មុយនិសឥណ្ឌូចិន បានបើកមហាសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សរបស់ខ្លួនលើកទី៨ នៅឯតំបន់ប៉ាក់បូ នៅតុងកឹង ពេលនោះហូ ជីមិញ ដែលទើបវិលចូលប្រទេសវិញ បានប្រកាសបង្កើតចលនាតស៊ូមួយ ឈ្មោះសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម ដែលភាសាវៀតណាម ហៅកាត់ថា វៀតមិញ (Việt Minh) និងបានសម្រេចបង្កើតសម្ព័ន្ធដើម្បីឯករាជ្យកម្ពុជា និងសម្ព័ន្ធដើម្បីឯករាជ្យឡាវ ផងដែរ ពិសេសគ្រោងបង្កើតរណសិរ្សជាតិរបស់ប្រទេសទាំង៣ ដាច់ដោយឡែកពីគ្នា និងគ្រោងបង្កើតសហព័ន្ធដើម្បីឯករាជ្យឥណ្ឌូចិន ទៀតផង។

ហូ ជីមិញ អ្នកបង្កើតសម្ព័ន្ធដើម្បីឯករាជ្យវៀតណាម ដែលភាសាវៀតណាម ហៅកាត់ថា វៀតមិញ (Việt Minh)

ចាប់ពីពេលនោះមក ចលនាតស៊ូដែលឲ្យឈ្មោះថា ខ្មែរឥស្សរៈ ត្រូវបានបង្កើតឡើងជាច្រើនក្រុម ដោយក្រុមខ្លះមានពួកវៀតមិញ ជាអ្នកគាំទ្រ ក្រុមខ្លះមានថៃជាអ្នកគាំទ្រ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងបារាំង ហើយក្នុងនោះក៏មានក្រុមជនខិលខួច ជាចោរលួច ចោរប្លន់់មួយចំនួន បន្លំខ្លួនជាក្រុមឥស្សរៈផងដែរ។

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៤១ រដ្ឋាភិបាលវីហ្ស៊ី និងរដ្ឋាភិបាលក្រុងតូក្យូ បានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចសហប្រតិបិត្តការរួមមួយ ដោយបារាំងអនុញ្ញាតឲ្យកងទ័ពជប៉ុន ចូលមកឈប់សំចតដោយគ្មានកម្រិតចំនួន និងអាចប្រើប្រាស់មូលដ្ឋានអាកាសចរណ៍របស់បារាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម ភាគខាងត្បូងទៀតផង។

កងទ័ពជប៉ុន

ថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤១ ជប៉ុនបានទាមទារឲ្យកងទ័ពខ្លួនចេញចូលតំបន់តុងកឹង វៀតណាមភាគខាងជើង ដែលបារាំងត្រួតត្រានោះ បានដោយសេរី និងប្រើប្រាស់ព្រលានយន្តហោះតុងកឹង នោះទៀតផង។ លុះដល់ពាក់កណ្តាលខែសីហា ឆ្នាំ១៩៤១ កងទ័ពជប៉ុន បានចូលមកបោះទីតាំងនៅក្នុងក្រុងភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងព្រៃនគរ នៅកូសាំងស៊ីន ហើយមូលដ្ឋានកងទ័ពជើងទឹកបារាំង នៅកាំរ៉ាញ់ ក៏ត្រូវកងទ័ពជប៉ុន ធ្វើសកម្មភាពយ៉ាងពេញទំហឹងដែរ។ និយាយរួម ពេលនោះ ឥណ្ឌូចិន ដែលបារាំងកំពុងត្រួតត្រា បានក្លាយជាមូលដ្ឋានដ៏សំខាន់របស់កងទ័ពជប៉ុន សម្រាប់ប្រើប្រាស់ធ្វើជាឈ្នាន់ ដើម្បីវាយលុកទៅលើប្រទេសផ្សេងៗទៀត ដែលនៅក្នុងតំបន់។

កងទ័ពជប៉ុនចូលមកតំបន់ឥណ្ឌូចិន

ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៤១ បារាំង និង ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការផ្លាស់ប្តូរសេដ្ឋកិច្ចគ្នានៅក្នុងតំបន់ឥណ្ឌូចិន តាមរយៈទូតបារាំងឈ្មោះឌីសាំង ពិនតាំង ជាថ្នូរនឹងការទទួលស្គាល់បារាំង ជាអាណាព្យាបាលនៅឥណ្ឌូចិនដដែល។ ប៉ុន្តែកិច្ចព្រមព្រៀងនោះ លោកឧត្តមនាវីហ្សង់ ឌឺគូ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន មិនពេញចិត្តទាល់តែសោះ។ ដូច្នេះជប៉ុន ក៏បានរៀបចំកងទ័ពត្រៀមធ្វើការទប់ទល់ខ្លាចក្រែងមានការវាយប្រហារណាមួយពីកងទ័ពបារាំង ដែរ។

កងទ័ពជប៉ុន ពេលចូលដល់ទីក្រុងព្រៃនគរ កូសាំងស៊ីន

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤១ កងទ័ពជប៉ុន មួយកងវរសេនាតូច បានឆ្លងព្រំដែនចិន ចូលមកក្បែរក្រុងឡាសឹង ប្រទេសវៀតណា ភាគខាងជើង ហើយ២សប្តាហ៍ក្រោយមកទៀត កងទ័ពជប៉ុន ក៏បានធ្វើការឡោមព័ទ្ធ កងទ័ពជើងគោក និងជើងទឹកបារាំង នៅតុងកឹង ហើយបង្ខំលោកឧត្តមនាវីហ្សង់ ឌឺគូ ចុះកិច្ចព្រមព្រៀងជាមួយឧត្តមសេនីយ៍ជប៉ុន នៅឥណ្ឌូចិននោះ ឲ្យយល់ព្រមអនុញ្ញាតឲ្យកងទ័ពជប៉ុន ឆ្លងកាត់និងចេញចូលតំបន់តុងកឹង ដោយសេរី ទាល់តែបាន។ កិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តនៅទីក្រុងហៃហ្វុង វៀតណាមខាងជើង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៤១ ហើយកងទ័ពជប៉ុនចំនួន៦០០០នាក់ បានបោះទីតាំងនៅខាងជើងទន្លេក្រហម និងមានសិទ្ធិប្រើប្រាស់ព្រលានយន្តហោះ៣កន្លែងទៀត នៅតុងកឹងនោះទៀតផង៕