ខេត្តកណ្ដាល៖ បុរសម្នាក់បានទៅចាប់សត្វគីង្គក់មកវាយឲ្យងាប់រួចពន្លាត់ស្បែកចេញ និងយកពងមកចំហុយធ្វើជាម្ហូប ហើយក្រោយពីបុរសរូបនេះហូបរួច ក៏មានអាការៈពុលក្អួតចង្អោរ រហូតដាច់ខ្យល់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ។
ជនរងគ្រោះដែលហូបពងគីង្គក់ពុលស្លាប់នេះ មានឈ្មោះគង់ សុភ័ក្ត ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅរកចាប់គីង្គក់នៅខាងក្រោយផ្ទះ។ ពេលចាប់បាន ជនរងគ្រោះបានយកសត្វគីង្គក់មកពន្លាត់សែ្បកចេញ ហើយពងគីង្គក់ មកដាក់កូនចានចំហុយហូបជាមួយបាយ។ មួយសន្ទុះក្រោយមកក៏មានអាការៈពុលក្អួត ត្រូវបានស្រ្តីជាប្រពន្ធនាំយកមកមណ្ឌលសុខភាព ឃុំសំបួរដាច់ ដើម្បីសង្គ្រោះជីវិត តែអកុសល ជនរងគ្រោះបានខ្យល់ស្លាប់ ក៏ដឹកសពត្រឡប់មកផ្ទះវិញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍តែម្តង។ក្រោយកើតហេតុ សមត្ថកិច្ច សហការជាមួយលោកមេ ឃុំមេភូមិពេទ្យមណ្ឌលសុខភាពឃុំ ទៅធ្វើកោសល្យវិច័យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះពិតជាពុលពងគីង្គក់ស្លាប់មែន ហើយប្រគល់សពជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តៅសោកសៅជាពន់ពេក៕