ខេត្តកំពង់ស្ពឺ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកខ្លាំង ងោកមួយភាំង ស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តដឹកទូកុងតឺន័រ បណ្តាលឲ្យព្រូរថយន្តកៀបជាប់កាប៊ីនស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររងរបួសធ្ងន់ម្នាក់ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦០ និង៦១ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ។


ព្រូរថយន្តកៀបជាប់កាប៊ីនស្លាប់ភ្លាមៗ ឈ្មោះ មករា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងព្រៃប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់ ។ ចំណែកអ្នកបើកបរ មានឈ្មោះ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តកំពត។
មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ2B6490 ដឹកត្រីចំហុយ បើកបរពីលិចទៅកើត ដោយមានអ្នកបើកបរមានឈ្មោះ វិចិត្រ រួមដំណើរជាមួយព្រូម្នាក់ឈ្មោះ មករា ។ លុះមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេកខ្លាំង ងោកមួយភាំង ស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តដឹកទូកុងតឺន័រម៉ាកFREIGHTLINER ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C-7669 ពេញទំហឹង បណ្តាលឲ្យស្លាប់ព្រូឈ្មោះ មករា កៀបជាប់កាប៊ីនរថយន្តភ្លាមៗ និងអ្នកបើកបរឈ្មោះវិចិត្រ រងរបួសធ្ងន់។ ភ្លាមៗនោះ អ្នកបើករថយន្តដឹកកុងតឺន័រ ចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុ អ្នកបើកបររងរបួសធ្ងន់ ត្រូវដឹកយកទៅង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ។ ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕