ខេត្តតាកែវ ៖ កាលពីវេលាម៉ោង៦ និង២០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1V-9255 បើកបរដោយឈ្មោះ ឆែម ឈុនលឹម ភេទប្រុស អាយុ១៨ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម។ លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AA-9347 ធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។


ប្រភពបន្តថា ខណៈដែលមានគ្រោះថ្នាក់បែបនេះ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1Y-2235 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ បើកបរដោយឈ្មោះ គុណ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រែកកាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ ឃឹម ស្រីលឹម ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិចម្ការគរ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយពេលដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តព្រូសខាងលើ បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរជាមួយស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់យ៉ាងអាណោចអាធ័ម។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។ បន្ទាប់មក ទើបធ្វើការវាស់វែង យករថយន្តនិងម៉ូតូទាំងអស់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី រង់ចាំដោះស្រាយគ្នាតាមច្បាប់។ ដោយឡែក សពជនរងគ្រោះទាំង២ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន តាមប្រពៃណី៕