មន្ត្រី​ជំនាញ​គយ​និង​រដ្ឋាករ​ខេត្តក្រចេះ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះ​ឆែកឆេរ ហាង​និង​ឃ្លាំង​លក់​ម៉ូតូ​ចំនួន​២​កន្លែង រក​ឃើញ​ម៉ូតូ​អត់​ពន្ធ​ជាង​៣០​គ្រឿង ។

ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ឃ្លាំង​ម៉ូតូ​ទាំង​២​កន្លែង​ខាងលើ​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​មាន​ឃ្លាំង ឈ្មោះ​យីហោ (​រិ​ន​ដា​) និង​ឃ្លាំង​ទី​២-​ឈ្មោះ​(​យីហោ​) យង់ ស៊ា​ង​ហោ ដែល​មា​នទី​តាំងនៅ​ក្បែរ​ធនាគារ​អេ​ស៊ី​លី​ដា ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។

លោក ចាន់ សំបូរ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ឆែកឆេរ​ឃ្លាំង​ចំនួន​២ គឺ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រក​ឃើញ​ម៉ូតូ​អត់​ពន្ធ​ចំនួន​៣៣​គ្រឿង និង​បាន​រឹបអូស​យក​ទៅ​រក្សា​ទុក នៅ​ស្នាក់​ការ​គយ និង​រដ្ឋាករ​ខេត្តក្រចេះ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ ។

លោក បញ្ជាក់​ថា ជា​ទូទៅ នេះ​គឺជា​បទល្មើស​គយ ដោយ​មន្ត្រី​លោក​រក​ឃើញ​ថា ម៉ូតូ​ទាំង​៣៣​គ្រឿង​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ទេ មន្ត្រី​ជំនាញ​រឹបអូស​យក​ទៅ​រក្សា​ទុក​សិន ដើម្បី​រង់ចាំ​ឲ្យ​គាត់​ទៅ​បំពេញ​ឯកសារ​ពន្ធគយ បង់ពន្ធ និង​ផាកពិន័យ​តាម​ច្បាប់ ដែល​បាន​កំណត់​រួច និង​ប្រគល់​ឲ្យ​គាត់​យក​គេ​ដាក់​តាំង​លក់​ជា​ធម្មតា​វិញ កាលណា​គាត់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​គយ​ហើយ ៕