ខេត្តតាកែវ ៖ជនសង្ស័យសាហាវព្រៃផ្សៃម្នាក់ក្រោយពីទៅដណ្ដឹងកូនក្រមុំគេរួចមក បានមកស្នាក់នៅផ្ទះខាងស្រី លុះអនាគតឪពុកម្តាយក្មេកទារលុយថ្លៃទឹកដោះញឹកញាប់ពេក ស្រាប់តែផ្ទុះកំហិងលបកាប់សម្លាប់អនាគតឪពុកម្តាយក្មេកចោលទាំង២នាក់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ។

ជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង (ត្រូវជាគូដណ្ដឹង កូនស្រីរបស់ជនរងគ្រោះ) ។ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ចំណែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធ និងជាអនាគតឪពុកម្តាយក្មេករបស់ជនសង្ស័យ ៖ ១/.ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងទី២/.ឈ្មោះ សេង អ៊ុ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកស្ដីដណ្ដឹងកូនក្រមុំរបស់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ និងបានមកស្នាក់នៅផ្ទះខាងស្រី លុះអនាគតឪពុកម្តាយក្មេកចេះតែទាមទារថ្លៃទឹកដោះញឹកញាប់ពេក ក៏បានយកកាំបិតខ្វែងមកលបទៅកាប់អនាគតឪពុកម្តាយក្មេកយ៉ាងសាហាវ ដោយម្នាក់ៗត្រូវជាច្រើនកាំបិត ចំ.ក ចំមុខ និងចំស្មាពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំងពីរនាក់តែម្តង។ ក្រោយពេលកាប់សម្លាប់អនាគតត្រូវជាឪពុកម្តាយក្មេករួចហើយ ជនសង្ស័យបានអូសសាកសពជនរងគ្រោះទាំង២នាក់យកទៅទុកចោលក្នុងស្រែខាងជើងផ្ទះ ដែលមានចម្ងាយ៤៥ម៉ែត្រ ហើយក៍មិនបានគេចខ្លួនរត់ទៅណាដែរ។


លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកញ្ញា ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕