ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តព្រៃវែងបានរៀបចំ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី ៦ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា និងមានការអញ្ជើញចូលរួមលោកគ្រូអ្នកគ្រូពេទ្យប្រមាណ ២៣៨។

ថ្លែងនៅក្នុងឱកាសនោះដែរលោកបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឡើងរាយការណ៍អំពីសកម្មភាព ការងាររបស់ក្រុមគ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាលមានចំណុចវិជ្ជមានជាច្រើនសម្រាប់វិស័យសុខាភិបាល ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចអវិជ្ជមានដែលចាំបាច់ត្រូវតែធ្វើការកែលម្អ និងលើកកម្ពស់ឡើងវិញ ដើម្បីឱ្យស្ថានភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈនិងធានាជូនប្រជាពលរដ្ឋទទួលបាននូវសេវាសុខាភិបាលមួយប្រកបដោយគុណភាពនិងសមធម៌ពិតប្រាកដ។

លោកបណ្ឌិតក៏បានបន្តទៀតថា មន្ទីរសុខាភិបាលខេត្តព្រៃវែងបានពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការសុខាភិបាលនៅគ្រប់អង្គភាព សុខាភិបាលក្រោមឱវាទ គ្រប់ថ្នាក់ជាពិសេសអង្គភាពផ្ដល់សេវាមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងនោះទាំងមន្ទីរសុខាភិបាលខេត្តរួមទាំងគណៈវិជ្ជាជីវៈទាំងអស់បានបន្តខិតខំណែនាំក្រើនរំលឹកដល់ វេជ្ជបណ្ឌិត គ្រូពេទ្យ ទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាក ឆ្មប ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌គុណភាពនិងសមធម៌។

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្នុងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ របស់ក្រុមគ្រូពេទ្យទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបំរើជូនបងប្អូនប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែក ឬនៅមណ្ឌលសុខភាពនានានៅក្នុងខេត្តព្រៃវែងបានយ៉ាងល្អប្រសើរ។

ឯកឧត្តមសាស្ត្រាចារ្យក៏បានណែនាំ ដល់គ្រូពេទ្យទាំងអស់ត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការព្យាបាលដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានបញ្ហាជំងឺឈឺស្កាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យក្នុងការព្យាបាលដល់ពួកគាត់ នឹងត្រូវដាក់វេនគ្នាជាប្រចាំការក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលគាត់មកព្យាបាលជំងឺ ធ្វើយ៉ាងណាដើម្បី ព្យាបាលគាត់បានទាន់ពេលវេលានិងប្រកបដោយសុវត្ថិភាពខ្ពស់។