ព្រៃវែង៖ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានរៀបចំពិធីដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ ដែលមានសក្តានុពលនៅខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក អួង សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លោកជំទាវ លាងស្រីម៉ុល អភិបាលរងខេត្ត អង្គភាពនានាជុំវិញខេត្ត អាជីវករសហគ្រាស ប្រមាណ ១១០ នាក់។

ថ្លែងនៅក្នុងឱកាសនោះដែរលោក វ៉ា រិទ្ធី ប្រធានមន្ទីរពាណិជ្ជកម្ម សូថ្លែងអំណរ អរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីជួយផ្សព្វផ្សាយដល់ផលិតផលរបស់ខ្មែរជាពិសេសនៅក្នុងខេត្តព្រៃវែងដើម្បីឲ្យបងប្អូន ដែលជាអាជីវករកសិករ ដែលគាត់ខិតខំប្រឹងផលិត និងបង្កបង្កើនផលនោះមានសង្ឃឹម។ ព្រោះថាផលិតផលដែលគាត់យកមកដាក់តាំងបង្ហាញនេះនឹងមានការគាំទ្រច្រើនពីអតិថិជនភ្ញៀវជាតិនិងអន្តរជាតិនោះផងដែរ។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះផលិតផលដែលត្រូវដាក់តាំងបង្ហាញនាពេលនេះមានសម្ភារៈប្រើប្រាស់ផ្ទះបាយធ្វើអំពីជ័រ ហូរ ផាមួង ក្រមា សារ៉ុងសូត្រ អង្ករ ចង្រ្កានប្រណិត ពងទា បន្លែធម្មជាតិ ពងមាន់ មាន់ស្រែ ប្រហុក ជ្រក់ កញ្ច្រែង កន្ត្រកម្លូ ជើងពាន ពោត ល្ងរ សណ្ដែក គ្រាប់ឈូក អំពៅ នឹងផលិតផលរបស់សហគមន៍នារីតាមមូលដ្ឋានរបស់មន្ទីរកិច្ចការនារីខេត្តព្រៃវែង។

លោក អួង សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្មវិធីនេះគឺមានគោលបំណង ជំរុញឲ្យបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែល្អប្រសើរឡើងបង្កើតផលិតផលផលិតកម្ម និងបង្កើតតម្លៃបន្ថែមលើផលិតផលក្នុងស្រុកបានជាអតិបរមា ផលិតនៅទំនិញថ្មីៗដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូល និងជំរុញការនាំចេញ ធ្វើពិធីធម្មកម្មមុខទំនិញថ្មីៗ ដើម្បីអាចមានលទ្ធភាពប្រកួតប្រជែងទាំងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងពិភពលោក បង្កើតបាននូវការងារថ្មីថែមទៀត ជួយបង្កើតប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបន្តទៀតថាសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ ពាណិជ្ជករទាំងអស់ត្រូវពង្រឹងគុណភាព និងការវេចខ្ចប់ឲ្យបានល្អសម្រាប់ ផលិតផលរបស់ខ្លួន ដែល ធានាបាននូវ គុណភាពខ្ពស់ សម្រាប់អ្នកទទួលទាន ដោយមានភាពជឿជាក់។