ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា កំពុង​បន្ត​ហក់​ឡើង​ដល់​កម្ពស់ ៥.៦៥​ម៉ែត្រ ពី​បាត​ស្ទឹង ក្នុង​នោះ​ទឹកបាន​ហូរ​កាត់​លើ​ផ្លូវជាតិ​ជា​បណ្តើរ​ៗ​ហើយ ស្រប​ពេល​ដែល​ធាតុអាកាស​ធាតុ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​តិច ច្រើន​ជា​បន្ត​ដែរ ។

ប្រ​សិន​ស្ថានភាព​នេះ អាជ្ញាធរ​បាន​ធ្វើការ​សន្និដ្ឋាន​ថា បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ នា​រសៀល​ថ្ងៃនេះ កម្ពស់​ទឹក​អាច​នឹង​ឡើង​ដល់​កំរិត​ប្រកាស​អាសន្ន​ហើយ​គឺ​កម្ពស់ ៥.៨០​ម៉ែត្រ ។

ទោះជា​យ៉ាងនេះ​ក្តី ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង នៅ​បើក​ដំណើរការ​ទៅ​មក​ធម្មតា ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក បាន​ដាក់​កម្លាំង​ប្រចាំការ​សម្រួល​ចរាចរណ៍ ផង​ដែរ ៕