ភ្នំពេញ៖ ថ្មីៗនេះ ដោយសារតែឆ្អែតចិត្តនឹងស្វាមីដែលជាអតីតជាអ្នកលក់បាយឆា ធ្លាប់កម្សត់កម្រតស៊ូជាមួយគ្នារាប់ឆ្នាំមកហើយ តារាសម្តែងស្រីស្រស់សោភា អ្នកនាង ស៊ុ សុម៉ាលី បានបង្ហោះសារទម្លាយរឿងរ៉ាវស្វាមីមានស្រីថ្មីក្បត់ចិត្តខ្លួនទៅមានស្រីម៉ាស្សាខាងក្រៅ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ។


តារាសម្តែងស្រីស៊ុ សុម៉ាលី បានបង្ហោះសារថា មកដល់ពេលនេះពាក្យថា ខ្មាសសម្រាប់នាង វាលែងមានទៀតហើយ ព្រោះវាពិតជាឈឺសាហាវ ក្រោយនាងតាមទាន់ប្តីមានស្រីខាងក្រៅទាំងមានភស្តុតាងការឆាតសាសងគ្នានេះ ។ នាងថា ខ្វះអីស្រីល្អគគោកម្តេចមិនទាក់ទងទៅ ទាក់ទងស្រីម៉ាស្សា ទាំងមិនទាន់លែងលះគ្នាដាច់ស្រេច ?។ នាងថាពិតជាឆ្អែតនឹងទង្វើស្វាមី ទើបសម្រេចចិត្តទម្លាយរឿងនេះជាសាធារណៈ ។ ការទម្លាយនេះក៏បញ្ជាក់ពីការបែកបាក់គ្រួសារមួយទាំងស្រុងមិនអាចវិលក្រោយវិញបាន ។

គេចាំបានថា តារាសម្តែងស្រីស្រស់សោភា ស៊ុ សុម៉ាលី បានសម្រេចចិត្តរៀបការជាមួយស្វាមី ជាបុរសរូបសង្ហាក្រៅសិល្បៈឈ្មោះ មាស ទី ជាអ្នករកស៊ីលក់មីឆាល្បីឈ្មោះម្នាក់នៅម្តុំផ្សារអូរឫស្សី តាំងកាលពីអំឡុងចុងឆ្នាំ២០១៤មកម្ល៉េះ ហើយក្រោយពីរៀបការរួចមក នាងក៏បានលាឈប់ពីសិល្បៈទាំងស្រុង ដើម្បីសាងសុភមង្គលជាមួយស្វាមីជាទីស្រឡាញ់ ដោយរួមក្នុងមុខរបរថ្មីជាមួយប្តីនៅតំបន់លក់មីឆាដ៏ល្បីល្បាញនៅជិតអតីតរោងកុនអង្គរ ហើយសព្វថ្ងៃនាងមានកូនស្រីម្នាក់ជាចំណងដៃ ។


តែពេលនេះ ទោះជាអាជីវកម្មជាអ្នករកស៊ីលក់មីឆា រីកចម្រើនយ៉ាងណាក្តី ប៉ុន្តែជីវិតប្ដីនាងបានជួបនឹងរឿងរ៉ាវរកាំរកូសបែបនេះ ទើបនាងដាច់ចិត្តទម្លាយរឿងរ៉ាវស្វាមីមានស្រីថ្មីក្បត់ចិត្តខ្លួនទៅមានស្រីម៉ាស្សាខាងក្រៅ ឲ្យសាធារណជនបានដឹងគ្រប់គ្នាតែម្ដងទៅ ៕