ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិកអគ្គិសនីម្នាក់ បានបើកម៉ូតូក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកនឹងដើមប្រេងខ្យល់យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ខ្លួនយ៉ាងអាណោចអាធ័ម។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវលេខ១១៤ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ជនរងគ្រោះដែលបើកម៉ូតូបុកដើមឈើស្លាប់នេះ មានឈ្មោះឈូក ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី រស់នៅភូមិឫស្សីព្រៃ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាក Yamaha Filano ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GK-1387 ពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ដែលមានផ្លូវកោង ជនរងគ្រោះកាច់ចង្កូតម៉ូតូមិនទាន់ ក៏បានបុកនឹងដើមឈើយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេចតែម្តង។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ទាំងក្តៅសោកអាល័យជាទីបំផុត៕