ខេត្តសៀមរាប៖ ចោរលួចគោរបស់ប្រជាពលរដ្ឋឆ្លងខេត្តចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងប្រជាការពារភូមិ និងអ្នកភូមិឃាត់ខ្លួនបានភ្លាមៗ កាលពី វេលាម៉ោង០១ និង២០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចគោអ្នកស្រុកដឹកតាមឡាន។


សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយមានសេចក្តីរាយការណ៍ថា មានឡានកូរ៉េ ពណ៌ស ចំណុះ៣តោនកន្លះ មានដឹកគោឆ្លងកាត់តាមផ្លូវភូមិស្ទឹងទ្បើងតាមផ្លូវជាតិលេខ៦A ឆ្ពោះទៅទិសខាងលិច។ ក្រោយពីទទួលព័ត៌មានបានហើយកម្លាំងសមតិ្តកិច្ចដែលល្បាតកាក់ត្រួតពិនិត្យនៅចំណុច ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដោយក្នុងឡានមានគោចំនួនបីក្បាល និងមនុស្សបួននាក់។ ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យជនសង្ស័យម្នាក់បានរត់គេច តែត្រូវបានកម្លាំងនគរបាលព័ទ្ធចាប់ហើយក៏បានយកមកសួរនាំ។

ជនសង្ស័យឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស រស់នៅ ភូមិដើមរកា ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសារភាពថា កន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន៤លើក នៅស្រុកពួក ១លើក និងស្រុកប្រាសាទបាគង ចំនួន៣លើក ។
ចំណែកជនសង្ស័យឈ្មោះ កុ លីសា ភេទប្រុស រស់នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកកន្ដៀង ខេត្តពោធិ៍សាត់ ជាម្ចាស់ឡាន និង ឈ្មោះ ម៉ន ចាន់ថា ភេទប្រុស និង ឈ្មោះឌី សៅរ៉ាន់ (ហៅក្ដាម) រស់នៅខេត្តពោធិ៍សាត់ បានឆ្លើយសារភាពដូចគ្នាថា ពួកគេសុទ្ធតែបានធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋបានច្រើនក្បាល។ រាល់សកម្មលួចមានការបញ្ជាផ្ទាល់ពីឈ្មោះ ទ ភេទប្រុស មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបានប្រពន្ធនៅម្ដុំផ្សាររលួស។

ចំណែកឈ្មោះណាត ភេទប្រុស ម្ចាស់ឡានកូរ៉េ ក្បាលពណ៌ខៀវ ទ្រុងពណ៌ស ស្លាកលេខ ៣A-៨២៨៤ ជាអ្នកខេត្តពោធិ៍សាត់ ក៏ធ្លាប់ចូលរួមធ្វើសកម្មភាពដឹកគោពេលយប់ដែរ។
ជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមផ្លូវច្បាប់៕