ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន១២ទីតាំង ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ១២កន្លែង មន្ត្រីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចំនួន២ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព និងបរិមាណ និងស្ថានីយ/ដេប៉ូចំនួន៧ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។


ក្រោយពិនិត្យរួចនិងរកឃើញភាពមិនប្រក្រតីដូចខាង មន្ត្រីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើមន្ត្រីកាំកុងត្រូលរកឃើញកំហុសលើកទី២ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ម្ចាស់ស្ថានីយ/ដេប៉ូ ប្រេងឥន្ធនៈមួយចំនួនបានលក់ប្រេងឲ្យអតិថិជនមិនគ្រប់លីត្រទេ រីឯមន្ត្រីជំនាញដែលចុះពិនិត្យរកឃើញភាពមិនប្រក្រតីបែបនេះ បានត្រឹមតែកិច្ចសន្យាប៉ុណ្ណោះ៕