បរទេស ៖ យ៉ាងហោចណាស់មនុស្សចំនួន៨នាក់បានស្លាប់ និង២៦នាក់ទៀត បាត់ខ្លួនមិនទាន់រកឃើញ នៅក្នុងហេតុការណ៍អគ្គិភ័យឆេះទូកសម្រាប់ដឹកភ្ញៀវមុជទឹកកម្សាន្តមួយគ្រឿង នៅក្បែរកោះសាន់តាគ្រូស (Santa Cruz) នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។

យោងតាមការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងចំណោមសាកសពអ្នកស្លាប់ទាំង៨នាក់ មាន២នាក់ជាបុរស និង ០២នាក់ជាស្ត្រី ដែលត្រូវបានស្រង់ចេញពីក្នុងទឹក ខណៈ០៤នាក់ទៀត កំពុងត្រូវក្រុមការងារជួយសង្រ្គោះ ព្យាយាមស្រង់សាកសពបន្ថែមទៀត។ ខណៈមនុស្ស៥នាក់ដែលជាសមាជិកក្រុមបម្រើការងារលើទូកនោះ ត្រូវបានជួយសង្រ្គោះទាន់ពេល និងមនុស្ស ២៦នាក់ទៀតដែលកំពុងបាត់ខ្លួន។

អាជ្ញាធរបញ្ជាក់ថា ទូកខាងលើដែលមានឈ្មោះ ខុនសិបសិន (Conception) បានចាកចេញពីទីក្រុង សាន់តាបាបារ៉ា (Santa Barbara) នៃរដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន សម្រាប់ការធ្វើដំណើរកម្សាន្តមុជទឹករយៈពេល៣ថ្ងៃ ដោយទូកនេះបានគ្រោងនឹងត្រឡប់ទៅកាន់ដីគោកវិញ នៅព្រឹកថ្ងៃអង្គារនេះ តែអកុសល ក៏ជួបសោកនាកម្មនេះតែម្តង៕