ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ១គ្រឿងដែលកំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលម៉ូតូ ហើយបានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលបើកម៉ូតូបុកគ្នាស្លាប់ចោលប្រពន្ធកូននេះ មានឈ្មោះងិន សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតភូមិធ្នកយុល ឃុំពន្លៃ ស្រុកអង្គរបុរី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 2GX- 1706 ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាក MONSTER ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1J- 9061 ជិះដោយយុវជនពីរនាក់ បានបត់ឆ្លងផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ ក្នុងថ្លុកឈាមចោលយ៉ាងអាណោចអាធ័ម។


ប្រភពបន្តថា បន្តិចក្រោយ ឃើញមាននារីជាប្រពន្ធមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំឱបសពជនរងគ្រោះជាប្តី ដាស់ឲ្យក្រោកឡើងត្រឡប់ទៅផ្ទះវិញ គួរឲ្យខ្លោចចិត្ត សូម្បីតែអ្នកឃើញហេតុការណ៍ក៏ស្រក់ទឹកភ្នែកតាមដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លួវច្បាប់។ ចំណែកសពរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕