ខេត្តកណ្តាល៖ យុវជន២នាក់ជិះម៉ូតលើផ្លូវជាតិលេខ១ មកពីខេត្តស្វាយរៀង លុះមកដល់ភូមិសាស្រ្តស្រុកកៀនស្វាយ ស្រាប់ដួលម៉ូតូខ្ទាតទៅកណ្ដាលថ្នល់ ត្រូវរថយន្តបើកមកពីក្រោយ កិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ៥១ និង៥២ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ។
ជនរងគ្រោះ ឈ្មោះធឹម ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ឈ្មោះ មីន បឺត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមាន ទីលំនៅជាមួយគ្នា នៅភូមិគោល ឃុំអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

មុនពេលកើតហេតុនេះ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AF-6373 ពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ១ បើកបរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ ។ លុះមកដល់ចំណុចខាងលើ ស្រាប់តែដួលម៉ូតូ បណ្ដាលឲ្យខ្ទាតទៅកណ្ដាលថ្នល់ ចៃដន្យមានរថយន្ដម៉ាកTOYOTA HIGHLANDER ព៌ណទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BB-2374 មកដល់ គេចមិនទាន់ កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ចំណែកអ្នកបើកបររថយន្ដ TOYOTA HIGHLANDER ចុះគេចខ្លួនបាត់។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ។ ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវយកទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយដើម្បីដោះស្រាយបន្តនីតិវិធី ៕