រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចេញ​បទបញ្ជា​ឱ្យ​បញ្ឈប់​អាជីវកម្ម​ល្បែងភ្នាល់ តាម​រយៈ​អ៉ិ​ន​ធើ​ណេ​ត​អន​ឡាញ ឱ្យ​អស់​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​គណៈរដ្ឋមន្ត្រី ។

សម្ដេច​តេ​ជោ បាន​គូស​ញ្ជា​ក់ថា ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​សេវា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ជា​ជាង​ការ​ពឹងផ្អែក​លើ​ចំណូល ពី​អាជីវកម្ម​ល្បែងភ្នាល់​អន​ឡាញ ។

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ដោយ​បញ្ឈប់​ការ ផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ល្បែងភ្នាល់​តាម​ម៉ា​ស៉ី​ន​អេ​ឡិច​ត្រូ​និ​ច​អន​ឡាយ ( Internet Online) ទាំង​ក្នុង​និង​ក្រៅប្រទេស ។

ក្រុម​ឧក្រិដ្ឋ​ជនបរទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​ល្បែង​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​វិធានការ​ហាមឃាត់​ធ្វើ​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ី​ន​ធើ​ណេ​ត​អន​ឡាញ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​ត្រឹមតែ​បាន​ជួយ​កែ​លម្អ​សន្តិសុខ​នៅ​កម្ពុជា ប្រកបដោយ​ភាព​វិជ្ជមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​គ្រប់គ្រង​ជន​អន្តោរ​ប្រវេសន៍​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​មិន​មានការ​ចាប់បង្ខំ ។

ជនជាតិ​ចិន ពិសេស​ចិន​នៅ​កំពង់សោម បាន​សំរុក​ចាក​ចេញពី​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បាន​កើតឡើង បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែសីហា​ថា ត្រឹមតែ​១​យប់​ប៉ុណ្ណោះ ជនជាតិ​ចិន​រហូត​ដល់ ៣,០០០​នាក់ បាន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ តាម​ជើងហោះហើរ ត្រឡប់​ទៅ​កាន់​ប្រទេស​ពួក​គេ​វិញ បន្ទាប់​ពី​មានការ​រឹត​បន្តឹង​លើ​ល្បែង​អន​ឡាញ ។

ដោយឡែក​ឯកសារ​សរសេរ​ដោយ​ដៃ ដែល​គេ​បង្ហោះ​ចែកចាយ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ បង្ហាញ​ថា ជនជាតិ​ចិន បាន​ចេញពី​កម្ពុជា គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ មាន​ចំនួន ៨៨,៥៨៥ នាក់ ។ ឯកសារ​ដដែល ក៏​បាន​បង្ហាញ​ពី​ចំនួន​ជនជាតិ​ចិន ចូល​ទឹកដី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ គឺ​មាន​ចំនួន ៤៧,៥៩៦ នាក់ ៕