ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៤៥ កងទ័ពសម្ព័ន្ធមិត្ត បារាំង អង់គ្លេស និងឥណ្ឌា ដែលមានវរសេនីយ៍ អ៊ីឌី មូរ៉ាយ (E.D Murray) ជាមេបញ្ជាការ បានចូលមកដល់ទីក្រុងភ្នំពេញ រំដោះមន្ត្រីយោធា ស៊ីវិល និងជនជាតិបារាំងទាំងអស់ចេញពីការឃុំឃាំងរបស់កងទ័ពជប៉ុន ដែលពួកជប៉ុន បានចាប់ពួកគេតាំងពីខែមីនា មកនោះ និងធ្វើការដកហូតអាវុធពីកងទ័ពជប៉ុនទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។ ពេលនោះ ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមិត្តដ៏ស្និទ្ធស្នាលរបស់ អ៊ីឌី មូរ៉ាយ (Murray) ផងដែរ មិនអនុញ្ញាតឲ្យអ៊ីឌី មូរ៉ាយ ចូលជួប សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្ត្រីរបស់ខ្លួនទេ។

វរសេនីយ៍ អ៊ីឌី មូរ៉ាយ បានសួរទៅ ឃឹម ទិត ថា ហេតុអ្វី បានជាមិនឲ្យខ្ញុំទៅជួបជាមួយនាយរដ្ឋមន្ត្រី សឺង ង៉ុកថាញ់? ឃឹម ទិត ឆ្លើយថា នាយករដ្ឋមន្ត្រី សឺង ង៉ុកថាញ់ មានគំនិតប្រឆាំងនិងព្រះមហាក្សត្រ ។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៤៥ លោកឧត្តមសេនីយ៍ ឡឺគ្លេក (Le clerc) ដែលមកធ្វើជាអគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ទើបតែបាន១៥ថ្ងៃ បានធ្វើដំណើរតាមយន្តហោះពីក្រុងព្រៃនគរ មកដល់អាកាសយានដ្ឋានពោធិ៍ចិនតុង ។ ពេលនោះអ៊ីឌី មូរ៉ាយ បានឲ្យទាហាននៅក្រោមបញ្ជាគាត់ទៅហៅ សឺង ង៉ុកថាញ់ ឲ្យមកជួបគាត់នៅការិយាល័យផ្ទាល់តែម្តង ដើម្បីរង់ចាំទទួលអគ្គទេសាភិបាល ឡឺ គ្លេក ( Leclerc ) ។

នៅពេល ឡឺ គ្លេក ចូលមកដល់ សឺង ង៉ុកថាញ់ បានក្រោកឈរដើម្បីទទួលស្វាគមន៍ ដោយនិយាយថា សួស្តី! តែ ឡឺ គ្លេក មិនបានទទួលស្វាគមន៍ សឺង ង៉ុកថាញ់ បន្តិចវិញសោះឡើយ ហើយអង្គរក្សរបស់គាត់ ក៏បានទាញកអាវ សឺង ង៉ុកថាញ់ ចាប់ចងហើយរុញបញ្ចូលទៅក្នុងរថយន្តបញ្ជូនទៅទីក្រុងព្រៃនគរ ដើម្បីឲ្យតុលាការបារាំង នៅទីនោះ កាត់ទោស និងក្រោយមកត្រូវបញ្ជូនទៅឃុំខ្លួននៅប្រទេសបារាំង បន្តទៀត ។

ពេលកងទ័ពអង់គ្លេស បារាំង និងឥណ្ឌាចូលមកដល់ទីក្រុងភ្នំពេញ អៀ ស៊ីចូវ ដែល សឺង ង៉ុកថាញ់ ចាត់ឲ្យទៅទាក់ទងមេដឹកនាំចិន ដើម្បីសុំជំនួយធ្វើសង្គ្រាមប្រឆាំងនិងបារាំងនោះ ក៏ត្រូវពួកបារាំង ចាប់បាននៅត្រង់ព្រំដែនប្រទេសវៀតណាម និង ចិន ។

ក្រោយពីបារាំងមកចាប់លោក សឺង ង៉ុកថាញ់ យកទៅបាត់ មន្ត្រីជាន់ខ្ពស់ដែលជិតស្និទ្ធគាត់ជាច្រើន ក៏នាំគ្នារត់គេចខ្លួន ព្រោះខ្លាចបារាំងចាប់ដែរ ។ ប៉ាច ឈឺន អតីតអ្នកទោសកោះត្រឡាច ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផ្គត់ផ្គង់ , ចៅសែន កុសល ចៅហ្វាយខេត្តកំពង់ចាម និង ចៅហ្វាយស្រុក៧នាក់ទៀត បាននាំគ្នារត់គេចខ្លួនចូលទៅប្រទេសវៀតណាម ។ ចំណែក ហែម សាវ៉ាង ជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានវ័យក្មេងទាំង៧នាក់ ដែលបានចូលទៅក្នុងព្រះបរមរាជវាំង បំណងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលរបស់ព្រះមហាក្សត្រនរោត្តម សីហនុ កាលពីថ្ងៃទី០៩ ខែសីហា នោះ ក៏បានរត់ចេញពីគុកនៅក្នុងខែធ្នូ ទៅចូលព្រៃដែរ ។

ពេលនោះ មិនថាខ្មែរដែលមាននិន្ទាការប្រឆាំងនឹងបារាំងនោះទេ សូម្បីតែជនជាតិវៀតណាម នៅទីក្រុងភ្នំពេញ និងតាមខេត្តនានាជាច្រើន ដោយខ្លាចបារាំង សងសឹកមកលើពូកគេវិញ ក៏នាំគ្នាគេចខ្លួន ទៅទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)ដែលជា ស្រុកកំណើត ពួកគេវិញដែរ ។

ពេលបារាំងត្រឡប់មកវិញ ព្រះមហាក្សត្រនរោត្តម សីហនុ ដែលបានប្រកាសរំលាយចោលសនិ្ធសញ្ញាខ្មែរ បារាំង ឆ្នាំ១៨៦៣ និងឆ្នាំ ១៨៨៤ ដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនរោត្តម ជាព្រះអយ្យកាព្រះអង្គ ហើយបានប្រកាសថា ចក្រភពព្រះអាទិត្យ(ប្រទេសជប៉ុន)បានមកជួយរំដោះប្រជាជនអាស៊ី ពិសេសបានផ្តល់ឯករាជ្យឲ្យមកដល់ប្រទេសកម្ពុជា ឲ្យរួចផុតពីកណ្តាប់ដៃរបស់ពួកអាណានិគមនិយមបារាំងនោះ ព្រះអង្គបានប្រើវិធីលួងលោមឲ្យបារាំង យល់ហេតុផលថា យើងសុទ្ធតែជាអ្នកក្រីក្រតោកយ៉ាកខ្លាំងណាស់ ដើម្បីផ្គត់ផ្គង់សេក្តីត្រូវការផ្សេងៗ ឬដើម្បីការពារប្រទេស យើងត្រូវតែរេទៅតាមសភាពការណ៍ជាក់ស្តែង ព្រោះយើងជាប្រជាជាតិមួយដែលមានប្រជាជនតែ៣លាននាក់ ស្ថិតនៅចន្លោះប្រទេសសៀមដែលមានប្រជាជាជនប្រមាណ១៥លាននាក់ និងប្រទេសវៀតណាម មានប្រជាជនប្រមាណ២០លាននាក់៕

