ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់ម្នាក់ ខណៈដែលចូលព្រៃដើរបេះបន្លែ និងប្រមូលអនុផលព្រៃឈើ ស្រាប់តែត្រូវមេក្របីវ័ធធ្លាយឆ្អឹងជំនីរស្លាប់យ៉ាងអាណោចអាធ័ម ដើម្បីការពារកូនវា។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងរសៀល១៤ និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ រស់នៅក្នុងភូមិអូរត្រែល ឃុំ\ស្រុក ថាឡាបរិវ៉ាត់។

ជនរងគ្រោះដែលត្រូវសត្វក្របីវ័ធស្លាប់ មានឈ្មោះជួន សី អាយុ៥៦ឆ្នាំ មានកូនប្រុស៣នាក់ទៀត រស់នៅក្នុងមូលដ្ឋានខាងលើ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងកូនៗ បាននាំគ្នាដើរបេះបន្លែព្រៃ និងប្រមូលអនុផលព្រៃឈើក្នុងសហគមន៍ទៅលក់។ លុះដើរចេញពីផ្ទះមិនបានប៉ុន្មានផង ក៏ត្រូវមេក្របីដែលមានកូនតូច បោលសំដៅវ័ធ និងលោតជាន់កូនប្រុសម្នាក់ឈ្មោះសី ទូចអាយុ២២ឆ្នាំ ឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹង រួចស្ទុះមកវ័ធជនរងគ្រោះជាឪពុកត្រូវធ្លុះឆ្អឹងជំនីរក្រោមដោះខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកសត្វក្របីមេនោះបានបោលចោលកូនចូលព្រៃបាត់។
ប្រភពបន្តថា ក្រោយមក ទើបពលរដ្ឋនៅទៅនោះប្រទះឃើញឪពុកកូនជនរងគ្រោះ រួចរត់មកប្រាប់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីទៅយកសពជនរងគ្រោះមកផ្ទះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចំណែកជនរងគ្រោះជាកូនត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជីវិត ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឲអន្តរាគមន៍ ចាប់បានតែកូនក្របីដឹកតាមម៉ូតូមករក្សាទុក រីឯមេក្របីដែលវ័ធជនរងគ្រោះ សមត្ថកិច្ចកំពុងតាមចាប់ និងស្វែងរកម្ចាស់របស់វា ដើម្បីធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ។
ដោយឡែក សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យរួច បានប្រគល់ជូនសាច់ញាតិ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕