ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៥០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៦A ចន្លោះបង្គោលគីឡូ៣៣៥-៣៣៦ នៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ។

មន្ត្រីនគរបាល បានឱ្យដឹងថា មុនពេលកើតហេតុ មានត្រាក់ទ័រ១គ្រឿងម៉ាក Kubota M9540 ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ដឹកស្រូវបើកបរដោយជនមិស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) បើកបរទិសដៅពីទិសលិចទៅកើត(ឈប់បែកកង់រ៉ឺម៉កខាងស្តាំ) ។ ស្រាប់តែពេលនោះ មានម៉ូតូ១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ឡើងតែមឆ្នាំ២០១៥ ពាក់ស្លាកលេខ ២E-០៩៤០ (មិនចាំអក្សរនៅខាងមុខ) បើកបរដោយឈ្មោះ ប្រម រុំភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានពាក់មួកសុវត្ថិភាពទិសដៅពីលិចទៅកើតបុកពីក្រោយ បណ្តាលឲ្យឈ្មោះ ប្រម រុំ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសៅជាពន់ពេក៕