រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញ​សេចក្តី​ដំណឹង ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន អោយ​ដល់​សាធារណជន​ទាំងអស់​ជ្រាប​ថា ឈប់​ជឿ​លើ​ការ​ផ្សព្វផ្សាយ​កុហក់​បោកប្រាស់​តាម​បណ្តាញ​សង្គម របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ និង​ឈប់​ប្រើប្រាស់​ឱសថ បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ WOW MAN គ្មាន​បញ្ជិកា​នេះ​តទៅ​ទៀត ។

គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​៥ គឺ​៖ ទី​១ ភាព​ខ្លាំង​នៃ​បុរស​, ទី​២ បង​ខ្លាំង​អស្ចារ្យ​, ទី​៣ ខ្លាំង​ដូច​ដើម​, ទី​៤ Wow Man Online, និង​ទី​៥ Super Storm Thai កំពុង​ផ្សព្វផ្សាយ​លក់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ WOW MAN គ្មាន​បញ្ជិកា និង​គ្មាន​ច្បាប់​ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​ផ្សព្វផ្សាយ​ភូត​កុហក់​បោកប្រាស់ បំ​ភ្លើ​ស​ហួស​ពី​ការ​ពិត គ្មាន​មូលដ្ឋាន​វិទ្យា​ស្ត្រ​ត្រឹមត្រូវ ដូច​ជា​ថា ឱសថ​ព្យាបាល​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺ​សន្លាក់ បញ្ហា​ស្ត្រេ​ស និង​ធ្វើ​ឱ្យ​រាង​កាយ​មាំមួន​អារម្មណ៍​ស្រស់ស្រាយ ។

សេចក្តី​ប្រកាស​ដដែល​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង​៥ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រកាស​ផ្សព្វផ្សាយ​លក់ ឬ ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ WOW MAN ។ ហើយ​ថា ក្រសួង​នឹង​មាន​វិធានការ​ចំពោះ​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក​ទាំង​៥ ខាងលើ នេះ តាម​ច្បាប់​ជា​ធរមាន ។ ក្នុង​ករណី​បានឃើញ​អ្នក​ប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ WOW MAN គ្មាន​បញ្ជិកា នេះ​សូម​ផ្តល់​ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕