ភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខ្លោងទ្វារចូលវត្ដពោធិញាណ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើង បង្កដោយរថយន្ដស្ទូច១គ្រឿង បើកឡើងចំណោតមិនរួច ក៏រអិលថយក្រោយកិនបុរសម្នាក់ កំពុងជិះម៉ូតូនៅក្រោយ បណ្ដាលឱ្យស្លាប់ភ្លាមចោលប្រពន្ធកូនមួយរំពេច។


ជនរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ចោលប្រពន្ធកូននេះ មានឈ្មោះ គ្រួច ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តុ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រពន្ធ និងកូនអាយុជាង ១ខួប ។ ចំណែក អ្នកបើកបររថយន្ដបង្ក មានឈ្មោះឆយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុកគ្រឹះ ស្នាក់នៅផ្ទះលេខ៣៥០ ផ្លូវ២៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស្ទូច១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-9823 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវបេតុង បំណងឡើងទៅផ្លូវ៣៧១ ស្រាប់តែរថយន្ដឡើងចំណោត បែរជាំមិនរួចក៏រអិលកិនម៉ូតូ ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT-9631 បើកបរដោយជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។


ស្រ្តីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីគាត់ បានជិះម៉ូតូទៅទិញបបរឲ្យកូន លុះពេលត្រឡប់មកវិញ ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្ដង ធ្វើឲ្យនាងរន្ធត់ចិត្តជាខ្លាំង។
ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីសម្រួលចរាចរណ៍ និងធ្វើការវាស់វែង យករថយន្ដ និងម៉ូតូ ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖