ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាជ្ញាធររបស់រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការចាប់ម៉ូតូចំនួន១៨គ្រឿង និងរថយន្ត២គ្រឿង ដែលចតនៅលើផ្លូវសាធារណៈម្តុំផ្សារលើក្រុងព្រះសីហនុ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែសីហា។


ឯកឧត្តម គួច ចំរើន អភិបាល បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខគ្រប់ភេទ ត្រូវធ្វើការឃាត់ទុក ហើយបញ្ជូនទៅឱ្យជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក តម្រូវឲ្យម្ចាស់យកឯកសារពាក់ព័ន្ធទៅធ្វើស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត ដែលធ្វើចរាចរណ៍ក្នុងក្រុងខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត ៕