ខេត្តព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែង ជិតអប្សរាថតរូបក្នុងសង្កាត់២ ក្រុងព្រះសីហនុ មកទើរលើជាន់ទីមួយជាប់នឹងបង្គោលភ្លើង វេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តែមានទឹកដោះម្តាយថ្លៃ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរងរបួស។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះ ទំនងជាជនរងគ្រោះមិនមានពាក់ខ្សែក្រវាត់ការពារពេលឡើងធ្វើការងារលើការដ្ឋានសំណង់ ទើបបណ្តាលឲ្យធ្លាក់រងរបួសថ្នាក់បែបនេះ។ ក្រោយមក ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។

ជាមួយគ្នានេះ អាជ្ញាធរសូមធ្វើការអំពាវនាវអោយក្រុមហ៊ុនសំណង់ និងអ្នកមើលការខុសត្រូវលើកម្មករសំណង់ អនុវត្តន៍អោយបាននូវផ្នែកបច្ចេកទេស សុវត្ថិភាពដល់កម្មករ ពិសេសអ្នកដែលកំពុងសាងសង់តាមអគារខ្ពស់ៗ ចៀសវាងមានគ្រោះដល់កម្មករ ដោយប្រការណាមួយ៕