ខេត្តព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់បានផឹកស្រាឡើងស្រវឹងដាប ទើបបើករថយន្តចេញល្បាតតាមគោលដៅរបស់ខ្លួន ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ តែដឹងអី ! បែរជានាំទុក្ខដល់ពលរដ្ឋទៅវិញ ដោយបើករថយន្តទៅបុក ពលរដ្ឋ២នាក់កំពុងជិះម៉ូតូឌុបគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុគួរឲ្យសង្វេគ និងម្នាក់ទៀត រងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយមន្ត្រីអាវុធហត្ថស្រវឹងស្រានេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ មុខរោងចក្រក្រោន ក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។


ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ទី១-ឈ្មោះគីម សូលី ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) និងទី២-ឈ្មោះ តូ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរ មានមុខរបរបុគ្គលិកក្រុមហ៊ុនជីធីអាយ និងមានទីលំនៅបច្ចុប្បន្នក្រុង/ខេត្តព្រះសីហនុ (របួសធ្ងន់) ។
សមត្ថកិច្ច បានឲ្យដឹងថថា រថយន្តបង្ក ម៉ាក NISSAN ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0185 អ្នកបើកបរឈ្មោះហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ រថយន្តជាកម្មសិទ្ធិ របស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពីបន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់) ។ លុះមកដល់ចំណុចខាងលើ ខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1F-0933 ជិះដោយជនរងគ្រោះទាំង២នាក់ខាងលើបណ្តាលឲ្យស្លាប់និងរបួស ដេកឲ្យរដូករណែលនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ។រីឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក អ្នកបើកបររថយន្តបង្ក សមត្ថកិច្ចបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការត្រួតពិនិត្យជាតិអាកុល រកឃើញមានចំនួន០.៤០mg/l ហើយ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់៕