ខេត្តកណ្តាល ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ខណៈដែលឪពុកម្តាយមានការធ្វេសប្រហែសតែបន្តិចភ្លេចមើលកូន ស្រាប់តែនាងបានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៣ និង៣៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ។ចំណុចភូមិអង្គរជ័យឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់នេះ មានឈ្មោះគឹម សូរិយា អាយុ៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះបានបាត់កូនស្រី ហើយបានដើររកតាមផ្លូវ និងផ្ទះបងប្អូនតែរកពុំឃើញ រួចបន្តរកតាមប្រឡាយវាលស្រែស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ចម្ងាយពីភូមិប្រហែល២៥០ម៉ែត្រ ក៏ប្រទះឃើញក្រមានៅមាត់ប្រឡាយ ។ ដោយមានការសង្ស័យ ម្តាយជនរងគ្រោះចុះទៅរាវក៏ប្រទះឃើញសពកូនស្រីនៅក្នុងប្រឡាយនោះ ស្រង់យកមកផ្ទះនិងរាយការណ៍មកប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែក ។


ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងជំនាញពិនិត្យហេតុស្រុកកៀនស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិពេទ្យឃុំចុះទៅពិនិត្យសាកសព និងបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនមានជាប់ពាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេ ហើយបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕