ខេត្តកំពត ៖ ស្រ្តីម្នាក់ពេលដើរផ្សារបានយកលុយខ្មែរ និងដុល្លារ សរុបជាង២ពាន់ដុល្លារ និងពាក់មាស ពេញខ្លួនជិត៤តម្លឹង ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន៥នាក់ (ស្រី៣នាក់) ជាក្រុមទម្លាក់យោង ជិះម៉ូតូចំនួន២គ្រឿង បានប្រើល្បិចលួងលោមស្រ្តីខាងលើពេញពីផ្សារសាមគ្គីក្រុងកំពត មកធ្វើសកម្មភាពដោះដូរគ្រឿងអលង្ការជាមួយសំណ រួចនាំគ្នារត់គេចខ្លួនអស់។


ករណីក្រុមទម្លាក់យោងធ្វើសកម្មភាពឆបោកនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ស្រ្តីរងគ្រោះដែលចាញ់បោកគេអស់ប្រាក់ និងមាសយ៉ាងច្រើននេះ មានឈ្មោះ កែវ វណ្ណឡៃ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ស្រ្តីរងគ្រោះបានបាត់បង់ ទូរស័ព្ទដៃចំនួន៣គ្រឿង ប្រាក់ចំនួន ៤.៨០០.០០០រៀល, ប្រាក់ដុល្លារចំនួន ១.៣០០ដុល្លារ , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៣សន្លឹក និងគ្រឿងអលង្ការរួមមានខ្សែដៃមាស ១តម្លឹង , ចិញ្ចៀនមាស ២វង់ (ស្មើនឹង១តម្លឹង) ,ខ្សែកផ្លាទីន១តម្លឹង និង១ជី និងខ្សែដៃផ្លាទីន ៨ជី)។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយទទួលបណ្តឹងរបស់ស្រ្តីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យមានតម្រុយខ្លះហើយ តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យ នាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕