ភ្នំពេញ៖ បុរសជាជាងជួសជុលដែលបម្រើការនៅក្នុងព្រលានយន្តហោះម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះមានដៃសើមហើយទៅកាន់ព្រីភ្លើង ខ្វះការប្រុងប្រុងប្រយ័ត្ន។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។


ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះ ញ៉ាញ់ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងបម្រើការងារ ក្នុងព្រលានយន្តហោះ រស់នៅផ្ទះកើតហេតុ
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានប្រមូលខោអាវ ដាក់ក្នុងម៉ាស៊ីនបោកគក់ លុះដល់ចុចកុងតាក់ភ្លើង បែរជាម៉ាស៊ីនមិនដំណើរការ ជនរងគ្រោះ ទៅកាន់ពិនិត្យមើលឌុយព្រីភ្លើងហើយយកដៃកាន់មើល ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆក់ជនរងគ្រោះ បណ្តាលឲ្យដួលទៅនឹងដីលែងដឹងខ្លួន។ ភ្លាមនោះ ក្រុមគ្រួសារ បានដឹកយកទៅមន្ទីរពេទ្យ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យ ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រឡប់ទៅផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល។


ក្រោយពីពិនិត្យរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់មែនមិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕