ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់ បានស្លាប់បន្ទាប់ពីគេជួល ទៅឲ្យស្ទូចម៉ាសុីនផលិតថង់ប្លាស្ទិច ជាអកុសល ដាច់ខ្សែកាបធ្លាក់ម៉ាសុីនសង្កត់លើ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រូចដឹកតាមម៉ូតូកង់បីស្ងាត់ៗ ដោយមិនរាយការណ៍ ប្រាប់សមត្ថកិច្ច ឬអាជ្ញាធរ ឲ្យដឹងរឿងឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងមួយកន្លែង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដឹកបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះស្លាប់បាត់ រហូតដល់ថ្ងៃរសៀលទើបផ្អើលឆោឡោ សមត្ថកិច្ចចុះទៅសាកសួរ ទីតាំងខាងលើបិទទ្វារ បាត់មនុស្សអស់ ។

 ជនរងគ្រោះឈ្មោះ អំ សុភឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្តស្ទូច មានទីលំនៅក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ឃ្លាំងខាងលើ បានជួលឲ្យជនរងគ្រោះស្ទូចយកឥវាន់ដែលខ្លួនលក់ ចេញពីក្នុងឃ្លាំងខាងលើ ក្នុង១រថយន្តថ្លៃ៥០ដុល្លារ ដើម្បីដឹកយកទៅដាក់ទុកនៅឃ្លាំងមួយទៀត ស្ថិតនៅក្នុងភូមិសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយជនរងគ្រោះ បានស្ទូចនិងដឹករយៈពល៣ថ្ងៃមកហើយ ដោយដឹកបានចំនួន៧រថយន្តរួចមកហើយ។

លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលកំពុងស្ទូចម៉ាសុីន ផលិតថង់ប្លាស្ទិចលើកដាក់លើរថយន្ត ស្រាប់តែរបូតដាច់ខ្សែកាបស្ទូចនោះ ធ្លាក់ម៉ាសុីនសង្កត់លើទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗម្ចាស់ទីតាំង ហៅឲ្យម៉ូតូកង់បីដឹកបញ្ជូននាំយកទៅមន្ទីរពេទ្យព្រះកុសុមៈ ទាំងមិនរាយការណ៍ប្រាប់ទៅអាជ្ញាធរ សមត្ថកិច្ច ដឹកចេញដោយស្ងាត់ៗ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ជីវិត ទាំងគ្មានសាច់ញាតិ ទាន់ដង្ហើមឡើយ ហើយត្រូវបានខាងមន្ទីរពេទ្យ យកទៅតំកល់ទុកក្នុងសាល រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ទើបភ្ញាក់ផ្អើល ។

ជុំវិញករណីខាងលើ ក្រោយពីជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹងដល់សមត្ថកិច្ច ចុះទៅពិនិត្យដល់កន្លែងឃ្លាំងម្ចាស់ទីតាំងទៅបាត់អស់ បានត្រឹមចុះទៅពិនិត្យសាកសព នៅមន្ទីរពេទ្យ ទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹកសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕