ភ្នំពេញ ៖ ករណីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់ឈឺចិត្តនិងចោទប្រកាន់ថាប្រពន្ធថារត់គេចចុះចោលខ្លួនអស់រយៈពេល១១ថ្ងៃ វេចយកទាំងទ្រព្យសម្បត្តិទៅជាមួយផង ហើយត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតនោះ លុះមកដល់វេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩  ភាគីអ្នកទាំង២ ប្តីប្រពន្ធសុំណាត់ជួបជាមួយក្រុមអ្នកសារព័ត៌មាន ចំណុចបរិវេណសាលា សង្កាត់ចោមចៅ៣ ដោយភាគីខាងស្រីបដិសេធ ជុំវិញរឿងប្តីចោទប្រកាន់នោះ ជារឿងមិនពិតទេ គឺសម្ភារៈរបស់ទ្រព្យទាំងនោះអស់មែន តែអស់តាំងពីនៅជុំគ្នាម្ល៉េះ មិនមែននាងស្ពាយយករត់ទៅនោះទេ លោកប្តីកុំចេះតែចោទ ។

ភាគីខាងប្តី មានឈ្មោះ ចេង ពិសិដ្ឋ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ សៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិព្រែកឪជ្រឹង ក ឃុំព្រែករំដេង  ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

 ភាគីខាងប្រពន្ធបានបំភ្លឺតបតវិញថា ទ្រព្យសម្បត្តិម៉ូតូ ដី អស់តាំងពីនៅជុំគ្នាមកម្លេះ ប្តីក៏ដឹងដែរ មិនមែននាងលួចយកទៅទេ គឺប្តីទៅវិញទេដែលវាយធ្វើបាបនាងច្រើនលើកច្រើនសារ រហូតទ្រាំលែងបាន ទើបនាងសម្រេចចាកចេញទៅស្នាក់នៅជាមួយបងស្រីជាបណ្តោះអាសន្ន ។ 

  ចំណែកភាគីខាងប្តីវិញ ក្រោយពីប្រពន្ធរៀបរាប់បកស្រាយការពិតប្រាប់អ្នកសារព័ត៌មានអស់មក គាត់មិននិយាយអ្វីមួយមាត់ ក្រៅពីរកដំណោះស្រាយក្នុងការលែងលះ ហើយនាំគ្នាចាកចេញទៅស្រុកកំណើត ដើម្បីរកផ្លូវចែកគ្នាដើរ តែម្ដង៕