ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរម្នាក់ឯង ដោយបើកបរបញ្ច្រាសទិសចរាចរណ៍ បានបុកជាមួយរថយន្តកុងតឺន័រមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច ។កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ សិទ្ធ អាយុជាង២០ឆ្នាំ ស្នាក់នៅភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លួវ ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១នោះដែរដូចគ្នា តែបើកបរបញ្ច្រាសទិស បានបុករថយន្តកុងតឺន័រខាងលើពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមកង់បណ្ដាលឲ្យរថយន្តកិនបែកក្បាលចេញខួរស្លាប់មួយរំពេច ។ ចំណែករថយន្តបង្កបានបន្ថែមលឿនបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិនៅពេលក្រោយ និងបានប្រគល់សាកសពឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕