ខេត្តព្រះវិហារ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ២០១៩​នេះ មន្ត្រី​ក្រសួងការពារជាតិ បាន​អះអាង​ថា ស្ថានភាព​កងទ័ព​ខ្មែរ និង​ឡាវ ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​បី ស្ថិត​ស្រុក​ឆែប ខេត្តព្រះវិហារ ពុំ​ទាន់​មាន​អ្វីវិវឌ្ឍន៍​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយ​រង​សេនាធិការ នាយការិយាល័យ​ទី​៥ និង​ជា​អ្នកនាំពាក្យ​កងទ័ពជើងគោក បាន​ប្រាប់​វិទ្យុជាតិ​កម្ពុជា អោយ​ដឹង​ថា កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ចំនុច​ទន្លេរពៅ គឺ​នៅ​រក្សា​ភាព​នឹងនរ​រៀង​ៗ​ខ្លួន ហើយ​ពុំ​មាន សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា ដូច​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​ឡើយ ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បញ្ជាក់​ថា មក​ដល់​ពេល​នេះ ទាំង​ខាង​កម្ពុជា និង​ខាង​ឡាវ នៅ​រក្សា​លំនឹង ហើយ​ទុក​អោយ​ថ្នាក់លើ ជា​អ្នក​ចរចាដោយ​សន្តិវិធី ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ អត់​ទាន់​មានអី​ថ្មី​ទេ​.. យើង​នៅ​ធម្មតា កងទ័ព​ទាំង​២ នៅ​រក្សា​ភាព​ស្ងៀមស្ងាត់ យើង​បាន ជួប​គ្នា​ពិភាក្សា​គ្នា ខាងគេ​មាន​កម្លាំង​តិចតួច​ទេ​… មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ គឺ​កម្លាំង​តូចតាច ។

សូម​រម្លឹក​ថា កងទ័ព​ឡាវ បាន​លើកគ្នា​ចូល​មក​កាន់កាប់​ទឹកដី​ខ្មែរ ក្នុង​ចំណុច​ទន្លេរពៅ​នេះ តាំងពី​ថ្ងៃ​ទី​១៤ ខែសីហា​មក​ម្ល៉េះ ដោយ​ភាគី​ឡាវ សំអាង​ថា នេះ​ជា​ទឹកដី​របស់​គេ ។ យ៉ាងណា​ក៏​ដោយ ភាគី​កម្ពុជា​មាន​ជំហរ​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ទ័ព​ឡាវ ធ្វើ​បែប​នេះ​ឡើយ ហើយ​ព្យាយាម បញ្ចៀស​ការ​ប៉ះទង្គិច​ទាំង​សងខាង តែ​យើង​រង់ចាំ​មើល​សភាពការណ៍​ជាក់ស្ដែង​បន្ត​ទៀត ៕