រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​មិន​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា មាន​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅ​ទៀត​នោះ​ទេ ។

បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ធ្វើការ​ជ្រើសរើស​ជា​បន្ទាន់ ថា​តើ​ត្រូវ​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជាំ​កងកម្លាំងប្រដាប់អាវុធ ដែល​ខ្លួន​កំពុង​បំពេញការងារ​តទៅ​ទៀត ពោល​គឺ​លែងឱ្យ​មាន​ភាព​ជាន់​គ្នា​រវាង​ងារ​ជា​«​ឧកញ៉ា​» និង​ឋានន្តរស័ក្តិ ថ្នាក់ឧត្តម​សេនីយ៍​, វរសេនីយ៍ ក្នុង​ក្រប​ខណ្ឌ​ប្រដាប់​អាវុធ មាន​ដូច​ជា​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​ទៀត​ទេ ដាច់ខាត​សា​ម៉ី​ខ្លួន​ត្រូវ​សម្រេច​ជ្រើសរើស​យក​មួយ អត់​មួយ ។ ព្រោះ​កន្លង​មក​មាន​មួយ​ចំនួន បាន​យក​តួនាទី​ទាំងនេះ ទៅ​ប្រកបការងារ​ផ្សេង​ៗ​ខុសច្បាប់ ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​អនុវត្ត​នូវ​អភិក្រម​ទី​៥ ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​អាណត្តិ​ទី​០៦​នេះ ដែល​កំពុង​ធ្វើ​ជា​បន្តបន្ទាប់​ផង​ដែរ ។

សម្តេចក៏​បាន​ណែនាំ​ចំ​ៗ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ត្រូវ​អនុវត្ត​ការ​បង្កក​និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​តែ​ម្តង ៕