ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាក PCX ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវដួល ហើយមនុស្សបានបោកក្បាលជាមួយបង្គោលភ្លើងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ជនរងគ្រោះដែលជិះម៉ូតូដួលបោកក្បាលស្លាប់នេះ មានឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GU-9519 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវកោងផង ក៏ជ្រុលចង្កូតមកបុកឃឿនចិញ្ចើមផ្លូវ ផ្លោងជាង១០ម៉ែត្រទៅបោកនឹងបង្គោលភ្លើង បណ្ដាលឲ្យបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរងការខូចខាតតិចតួចប៉ុណ្ណោះ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ រួចទាក់ទងផ្តល់ដំណឹងទៅសាច់ញាតិជនរងគ្រោះ ហើយពេលនោះ ក៏មានក្រុមគ្រួសារជនរងគ្រោះបានមកដល់កន្លែងកើតហេតុភ្លាមៗទាំងក្តីរន្ធត់ជាពន់ពេក ជាពិសេស ស្រ្តីជាប្រពន្ធបានស្រែកទ្រហោយំឱបប្តីគួរឲ្យសង្វេគណាស់។
ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក ម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំប្រគល់ក្រុមគ្រួសារជនរងគ្រោះនៅពេលក្រោយ ៕