ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីសម្លាប់១គ្រួសារមានគ្នា៣នាក់ កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ តាមពិតស្រ្តីជាប្រពន្ធជាអ្នកដាក់ថ្នាំបំពុលសម្លាប់ប្តី និងកូនស្រី រួចផឹកថ្នាំពុលធ្វើអត្តឃាតខ្លួនឯងតាមក្រោយបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់២ បានទទួលព័ត៌មានថា នៅផ្ទះជួលរបស់ឈ្មោះ យ៉ាន់ សុផុន ភេទស្រី អាយុ៦៥ឆ្នាំ មានមនុស្សដេកស្លាប់ក្នុងផ្ទះជួល ដែលមានចាក់សោរជាប់ពីខាងក្នុង។ ភ្លាមៗនោះកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុឃើញថា ទ្វារផ្ទះត្រូវបានម្ចាស់ផ្ទះជួល និងសាច់ញាតិជនរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋកំពុងនាំគ្នាគាស់ រួចចូលទៅក្នុងផ្ទះ ឃើញមានមនុស្ស២នាក់ដេកស្លាប់ក្នុងបន្ទប់ (ឪពុក និងកូនស្រី) ចំណែកម្តាយនៅមានដង្ហើម ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយក្រោយមកបានស្លាប់ នៅវេលាម៉ោង២៣ និង២០នាទី។


ប្រភពបន្តថា ជនរងគ្រោះទី១-ឈ្មោះខេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមេការជាងកញ្ចក់ ត្រូវជាប្តី(ស្លាប់), ទី២-ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (ស្លាប់) និងទី៣-ឈ្មោះ ម៉ឹង សុផល ភេទស្រី អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត )។
តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជាបឋម កម្លាំងជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីធ្វើអត្តឃាត (ដោយសារប្រពន្ធ ដាក់ថ្នាំពុលសម្លាប់ប្តីនិងកូនស្រី រួចធ្វើអត្តឃាតខ្លួនឯងជាក្រោយ) ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះ រស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ តែងឈ្លោះប្រកែកគ្នាជាហូរហែ។


បច្ចុប្បន្នសាកសព បានយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ដើម្បីឲ្យសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕